imony7 សំរាប់កម្ពុជា!
សូមចុចខាងក្រោមនេះដើម្បីទស្សនាអំពី "កម្ពុជាព្ររាជាណាចក្រអច្ឆរយ"
Thursday, March 3, 2011
Thursday, February 10, 2011
IPhone4 Gold


អស្ចារ្យបំផុតជាមួយ ក្រុមហ៊ុនAppleដែលបានបង្កើត 24garats gold Swarovski Apple iPhon4 32GB.។ ដែលបានត្រូវផលិតនៅប្រទេសអូស្រ្តាលី។ ហើយមានតម្លៃ4889$ ឥលូវនេះវាបានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ។ សំរាប់អ្នកដែលពេញនិយមប្រើនូវទូរស័ព្ទធំៗ ហើយទំនើនព្រមទាំងមានតម្លៃ ដែលធ្វើអំពីមាស និងដាំដោយត្បូងពេជ្យ២៤ការ៉ាត់ទឿតផង។
ប៊ិះបាញ់គ្នាភ្ជង់ទៅភ្ជង់មកដោយសារទាហានសៀមសំរុកចូលមកដោះយកឆ្កែជាប់អន្ទាក់នៅក្នុងទឹកដីកម្ពុជា

ព្រំដែនប្រាសាទព្រះវិហារ ៖ ទាហានការពារទឹកដីកម្ពុជាបានលើកកាំភ្លើងច្រូងច្រាង ភ្ជង់ទៅលើកងទាហានសៀមប្រមាណ៥ទៅ៦នាក់ ដែលប៉ុនប៉ងចូលមកដោះយកឆ្កែរបស់គេជាប់អន្ទាក់នៅខ្សែត្រៀម ជួរមុខក្នុងទឹកដីកម្ពុជាតំបន់ភ្នំទ្រព្យកាលពីវេលាព្រលប់ ម៉ោងប្រមាណ៦និង៤០នាទីថ្ងៃទី១០ កុម្ភៈ ២០១១ ញ៉ាំងឱ្យទាហានសៀមលើកកាំភ្លើងភ្ជង់តបវិញ បំរុងនឹងបាញ់គ្នាទៅហើយ ប្រសិនបើទាហានសៀមនៅតែចចេសរឹងរូសដើរចូលដោយគ្មានការអនុញ្ញាត២ ឬ៣ ជំហានទៀត ។
សូមបញ្ជាក់ថា ឆ្កែរបស់ទាហានសៀមមួយក្បាលដែលចូលមកជាប់អន្ទាក់ ក្នុងទឹកដីកម្ពុជាតំបន់ភ្នំទ្រព្យនោះគឺជាឆ្កែពូជបៀកហ៊្សេ មានជំនាញខាងហិតមីន ហើយការដែលចូលមកជាប់អន្ទាក់នេះអាចថា ជាចេតនារបស់ទាហានសៀម លែងឆ្កែរបស់គេឱ្យចូលរាវមីនក្នុងទឹកដីប្រទេសកម្ពុជាងាយស្រួល ក្នុងការចេញ-ចូល...ឬចង់ដឹងថា ក្នុងខ្សែត្រៀមរបស់កម្ពុជាមានមនុស្សឬក៏អត់? នេះក៏ជាល្បិចមួយដែររបស់សៀម គេយកឆ្កែមកពិសោធន៍ ដើម្បីងាយស្រួលធ្វើការវាយលុយក្នុងប្រការណាមួយរបស់ពួកគេ។ ពេលឆ្កែចាប់ផ្តើមជាប់អន្ទាក់ និងស្រែកឮៗដល់ទាហានសៀមដែលឈរជើងនៅខ្សែត្រៀមម្ខាងទៀតនោះ ស្រាប់តែពួកទាហានប្រមាណ៥ទៅ៦នាក់ ស្ទុះស្រចូលមកក្នុងបំណងដោះយកឆ្កែរបស់គេត្រឡប់ទៅវិញ តែទាហានកម្ពុជាដែលរវាសរវៃនោះ ក៏លើកកាំភ្លើងញ៉ាច់ ឯខាងសៀមក៏លើកកាំភ្លើងភ្ជង់វិញដូចគ្នា ប៉ុន្តែយ៉ាងណាក៏ដោយ ប្រសិនបើទាហានសៀមនៅតែចចេសរឹងរូសដើរចូល ឬកំរើកខ្លួនច្រងេងច្រងាង ទាហានកម្ពុជាច្បាស់ជាបាញ់កំទេចហើយ ។
ខណៈនោះសំណាងណាស់ ចេះបានមេបញ្ជាការប្រចាំខ្សែត្រៀមរបស់សៀមចេញមុខចូលមកសំរប សំរួលជាមួយមេបញ្ជាការទាហានកម្ពុជាសុំអង្វរយកឆ្កែទៅវិញ ទើបមេបញ្ជាការទាហានកម្ពុជាប្រាប់កូនចៅថា អត់ធ្មត់...យោគយល់ចុះ...ឱ្យគេយកឆ្កែទៅវិញចុះ...ទើបការ ភ្ជង់គ្នាត្រូវបានបញ្ចប់ ៕
សៀមត្រៀមបញ្ចេញឧទ្ធម្ភាគចក្រ ខណៈទាហានកម្ពុជាកំពុងកាន់កាប់ទីបញ្ជាការរបស់ខ្លួន និងមានប្រៀបលើសមរភូមិ


ការបាញ់ផ្លោងអូសបន្លាយអស់រយៈ ពេលជាង១ម៉ោង គឺមកដល់នៅវេលាម៉ោង៨យប់ ថ្ងៃទី៦ កុម្ភៈ ២០១១ ដដែល ទាហានកម្ពុជាកំពុងតែវាយសង្គ្រប់ទៅលើលេណដ្ឋានរបស់ទាហានសៀមជា ច្រើនកន្លែងបណ្តាលខូចខាត និងឆេះសន្ធោសន្ធៅ ព្រមទាំងចូលកាន់កាប់ទីបញ្ជាការរបស់ទាហានសៀមមួយចំនួនរួច ទៅហើយនៅភូមិស្រល់ និងភូមិខាន់តាឡាក់ ស្រុកខាន់តាឡាក់ ប្រទេសសៀម ។ ទាហានសៀមបានប្រើកាំភ្លើងធុន១០៥មិល្លីម៉ែត្រ ១៣០ និង១៥០មិល្លីម៉ែត្របាញ់ចូលមកក្បែរបន្ទាយទាហានកម្ពុជា និងធ្លាក់ចំវត្តកែវសិក្ខាគិរីស្វារៈ ជាច្រើនគ្រាប់ផងដែរ បង្កឱ្យឆេះ និងផ្សែងខ្មៅអាប់ពុលដល់ព្រះសង្ឃ ហើយមិនតែប៉ុណ្ណោះទាហានសៀមកំពុងតែបញ្ចេញឧទ្ធម្ភាគចក្រជា ច្រើនគ្រឿងប៉ុនប៉ងប្រើប្រាស់ទៅលើការដែលប្រយុទ្ធគ្នានេះផង ដែរ។
សូមបញ្ជាក់ថា ស្នូរផ្ទុះអាវុធតូច-ធំដ៏កក្រើកបានចាប់ផ្តើមយា៉ងរន្ថើនជា ថ្មីទៀតនៅតាមខ្សែបន្ទាត់ព្រំដែនរវាងទាហានកម្ពុជា និងសៀម កាលពីវេលាម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃទី៦ កុម្ភៈ ២០១១ បង្កឱ្យមានការរន្ធត់យា៉ងខ្លាំង បន្ទាប់ពីទាហានសៀមនៅតែព្យាយាមឈ្លានពានទឹកដីកម្ពុជា ហើយកម្ពុជាប្រើសិទ្ធិស្វ័យការពារទឹកដីរបស់ខ្លួនដោយបាញ់តបតទៅ វិញ ។
ការបាញ់ផ្តក់បានចាប់ផ្តើមចេញពីចំណុចអូរចាក់ច្រែង រាលដាលមកដល់ភ្នំទ្រព្យ វាលឥន្ទ្រីសំបុកឃ្មុំ ឆៀងខាងឆ្វេងកៀកនឹងប្រាសាទព្រះវិហារ និងកំពុងរាលដាលទៅដល់ស្លាបខាងស្តាំនៃប្រាសាទព្រះវិហារ ដែលការប្រយុទ្ធគ្នានេះឱ្យមានទំហំធំជាងកាលពី២ថ្ងៃមុនទៅ ទៀត។ ការស្លាប់ និងរបួសនៅមិនទាន់មានរបាយការណ៍ទេ ព្រោះថា ស្បៃរាត្រីបានទំលាក់មកគ្របដណ្តប់លើសមរភូមិន្ទទៅហើយមើលអ្វី មិនឃើញទេ គឺឃើញតែគ្រាប់កាំភ្លើងក្រហមច្រាលរត់ឆ្វាចកាត់លំហអាកាសពី ខ្សែត្រៀមម្ខាងទៅខ្សែត្រៀមម្ខាងទៀតប៉ុណ្ណោះ ។
មជ្ឈ ជាតិ-អន្តរជាតិដែលកំពុងតាមដានស្ថានការណ៍តានតឹង និងការប្រយុទ្ធគ្នានេះបានសំដែងការព្រួយបារម្ភពីការខូចខាត ប្រាសាទព្រះវិហាររបស់កម្ពុជាដែលសៀមប៉ុនប៉ងលេបត្របាក់ និងយល់ឃើញថា ការបញ្ឆេះឱ្យផ្ទុះអាវុធរបស់ទាហានសៀមនេះគឺជាមហិច្ឆតា ចង់បំផ្លិចបំផ្លាញប្រាសាទព្រះវិហាររបស់កម្ពុជាតែម្តង៕ ពត៌មានលំអិតសូមចូលទៅកាន់http://kohsantepheapdaily.com.kh
Wednesday, January 12, 2011
ត្រប់ស្រួយ អាចជួលដល់អ្នកកើតជំងឺទឹកនោមផ្អែម


ត្រប់ស្រួយ ជាឱសថ បុរាណរបស់ខ្មែរ តាំងពីយូរយារណាស់ មកហើយ ប៉ុន្តែមនុស្សជំនាន់ថ្មី ពុំសូវបានដឹងទេ ដោយតែងតែ ឆ្កឹះចេញពីចាន ព្រោះតែមិនបានយល់ ពីផលប្រយោជន៍ ដ៏ច្រើនរបស់វា ។
តើត្រប់ស្រួយផ្តល់ផលល្អអ្វីខ្លះ?
-ប្រឆាំងរោគមហារីក ជំនួយបេះដូង កាត់បន្ថយភាព រុញច្រាននៃឈាម ។
-កាត់បន្ថយការ កើតរោគទឹកនោមផ្អែម ដោយសារថា ត្រប់ស្រួយមានគុណសម្បត្តិ ប្រហាក់ប្រហែល នឹងអាំងស៊ុយលីន ដែលជួយកាត់បន្ថយ បរិមាណសារជាតិ ស្ករក្នុងឈាម ។
ចំពោះអ្នកកើតរោគ ទឹកនោមផ្អែម បើបានបរិភោគ ត្រប់ស្រួយជាប្រចាំ អាការនឹងល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ពុំខាន ។
-ជួយបញ្ចុះព្រូន កាត់បន្ថយអាការ រលាក ។
-ជួយឱ្យប្រព័ន្ធ រំលាយអាហារ និង ប្រព័ន្ធបញ្ចេញកាកសំណល់ចោល ធ្វើការងារបានល្អ ។
-ផ្តល់ផលប្រយោជន៍ ចំពោះលំពែង ធ្វើឱ្យថ្លើមរឹងមាំ ព្រមទាំងធ្វើការងារ មានប្រសិទ្ធភាព ។
នៅប្រទេសឥណ្ឌា តំបន់ខ្លះគេបាន យកត្រប់ស្រួយទៅកិន ធ្វើជាឱសថសម្រាប់ ព្យាបាលរោគទៀតផង ៕
Tuesday, December 21, 2010
អរិយធម៌សម័យអង្គរ

នៅពាក់កណ្តាលសតវត្សទី៨អាណាចក្រចេនឡាបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែកើតមាននូវវិបត្តិនយោបាយសង្គមនៃអាណាចក្រចេនឡា ហើយបានធ្វើឲ្យអាណាចក្រនេះបែកបាក់គ្នា។ ដោយឡែកនៅសតវត្សទី៩វិញ ការបង្កើតអាណាចក្រថ្មីមួយក៏ចាប់ផ្តើមឡើង។ នេះជាការបង្កើតនូវរបបគ្រប់គ្រងថ្មីមួយទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌និងរបៀបរស់នៅពេលនោះមានការរីកចំរើនលើគ្រប់វិស័យ ហើយធ្វើឲ្យអាណាចក្រនេះ ក្លាយជាអាណាចក្រដ៏ធំមួយមានឈ្មោះល្បីល្បាញជាងគេនៅភូមិភាគអាស៊ីអាគ្នេយ៍។
អ្នកស្រាវជ្រាវតែងកំណត់សម័យអង្គរក្នុងប្រវត្តិសាស្រ្តខ្មែរថា ជាយុគសម័យដែលចាប់ផ្តើមនៅគ>ស៨០២ ហើយបញ្ចប់ទៅវិញនៅគ.ស១៤៣២។ តាមការពិតឆ្នាំតាំងពីរនេះមិនមែនជាការចាប់ផ្តើម រឺជាការបញ្ចប់ឡើយ។ សម័យ «អង្គរ» ឬ «មហានគរ» នេះកើតឡើងនៅគ.ស.វ ទី៩។ «អង្គរ» ជាពាក្យក្លាយមកពីពាក្យសំស្រ្កឹត «នគរ» ដែលមានន័យថាក្រុង ឬ «រាជធានី»។ ទោះបីជារាជធានីនេះត្រូវបោះបង់ចោលនៅស.វទី១៥ (ដោយព្រះបាទពញាយ៉ាត) ក៏ដោយ នៅឆ្នាំ១៥៧០ គេបានលើកទីក្រុងអង្គរជារាជបុរី សម្រាប់ព្រះរាជាគង់ឡើងវិញ។ «អង្គរ»ជាពាក្យដែលគេសំដៅហៅឈ្មោះ «អតីតរាជធានីខ្មែរ»ដែលចាប់ផ្តើមកសាងដំបូងដោយព្រះបាទយសោវរ្ម័នទី១ (គ.ស៨៨៩-៩០៨) ប៉ុន្តែ
ចំពោះសម័យអង្គរគេមិនរាប់ចាប់ពីរជ្ជកាលព្រះបាទយសោវរ្ម័នទី១នោះទេ គឺគេរាប់ចាប់តាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នៃគ.ស៨០២។
I.ដំណាក់កាលនៃការបង្កើតចក្រភពអង្គរ
១.វីរ:ព្រះមហាក្សត្រឆ្នើមក្នុងសម័យអង្គរ
១.១.ព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)
ក.ការស្តារប្រទេសជាតិ
ក្រោយពីមានវិបត្តិផ្ទៃក្នុងចេនឡាត្រូវបែកជាពីរគឺចេនឡាដីគោកជារដ្ឋមួយឯករាជ្យ ឯចេនឡាទឹកលិចវិញ ត្រូវបែងខ្ញែកជារដ្ឋតូចៗហើយថែមទាំងស្ថិតនៅក្រោមការត្រួតត្រារបស់ជ្វា។ពួកជ្វាបានចាប់យករាជវង្សានុវង្សជាច្រើនអង្គនាំទៅស្រុកជ្វា។ ប៉ុន្តែក្នុងចំនោមអ្នកទាំងនោះមានព្រះអង្គម្ចាស់ មួយ ព្រះអង្គបានគេចរួចខ្លួន ហើយយាងចូលមកមាតុភូមិវិញ។ គ្រាន់តែយាងមកដល់ប្រទេសជាតិភ្លាម ព្រះអង្គក៏ចាប់ផ្តើមប្រមូលកំលាំងខ្មែរដែលស្នេហាជាតិទាំងអស់តាមតំបន់នានានៃនគរភ្នំមាន នគរបឋម វ្យាធបុរ: នគរបុរី ឬ នគរអធិបតី ស្រីស្ថបុរ: សម្ហុបុរ: អនិន្ទិតបុរ: ឥន្រ្ទបុរ: ភវបុរ: ឦសានបុរ: ។ល។ រួមគ្នាវាយកំចាត់ពួកជ្វា ហើយបានដណ្តើមឯករាជ្យមកវិញ។ ក្រោយពីបានកំចាត់ពួកជ្វាបានជោគជ័យទ្រង់ក៏បាន រៀបអភិសេកឡើងគ្រងរាជ្យនៅឆ្នាំ ៨០២ ។ ព្រះរាជាអង្គនេះព្រះនាម «ព្រះបាទជ័យវរ្ម័នទី ២» ហើយទ្រង់បានប្រសិទ្ធនាមព្រះអង្គថា «មហារាជ » ។ មិនត្រឹមតែប៉ុណ្ណោះទ្រង់បានប្រកាសខ្លួន ជាព្រះរាជាខៃ្សនៃសូរវង្ស ( វង្សព្រះអាទិត្យ)នៃកម្ពុជមេរា ។ ក្នុងរាជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នេះហើយដែលធ្វើឲ្យប្រទេសយើងមានឈ្មោះថា ប្រទេសកម្ពុជា ។ ព្រះអង្គ ត្រូវបានប្រជាជនចាត់ទុកជាវីរ:ក្សត្រដ៏ឆ្នើម ដែលបានរំដោះប្រទេសជាតិ និង ដណ្តើមឯករាជ្យ ពីពួកជ្វា ។ ព្រះអង្គគឺជាវីរ:ក្សត្រដំបូងបង្អស់ដែលបានបើកទំព័រសករាជថ្មី គឺជាសករាជអភិវឌ្ឍន៏នៃ អាណាចក្រកម្ពុជាសម័យអង្គរ ។
ខ. ស្នាមព្រះហស្ថព្រះបាទជ័យវរ្ម័នទី២ ក្នុងការរៀបចំប្រទេសជាតិ
ដើម្បីបង្រួបបង្រួមជាតិ និងទឹកដីឲមានឯកភាព ឡើងវិញព្រះបាទជ័យវរ្ម័នទី២ បាន ផ្លាស់ប្ដូររាជធានីចំនួន៥កន្លែងព្រមទាំងបានកសាងបា្រសាទនៅគ្រប់រាជធានីជាច្រើន ដូចជា:
_ ឥន្រ្ទបុរ: ស្ថិតនៅក្នុងភូមិមៀន នៅស.វទី៨ នៃគ.ស
_កុដី(គុតិ) នៅជិតបន្ទាយក្តីសព្វថ្ងៃ
_ហរិហរាល័យ គឺរលួស (សៀមរាប)
_អមរេន្រ្ទបុរ: ជាក្រុងមួយនៅក្នុង(ភ្នំស្រុក)
_មហេន្រ្ទបុរ: (នៅលើភ្នំគូលែន) គឺជារាជធានីថ្មីសង់នៅឆ្នាំ៨០២។
លក្ខណ:ដែលជ្រើសរើសរាជធានីថ្មី:
_ជាកន្លែងដែលឋិតនៅចំកណ្តាលនគរ
_ព្រះអង្គចង់ក្លាយជាមហាក្សត្រភ្នំ និងជាស្តេចចក្រវាឡ។ហេតុដូចនេះហើយ ព្រះអង្គបានជ្រើសរើសយកភ្នំគូលែនដើម្បីតាំងដើម្បីរៀបចំពិធីទេវរាជ និង ស្ថាបនាលិង្គព្រះឥសូរ។ លិង្គនេះតំនាងឲ្យប្រភពអំណាចទាំងអស់ដែលមានព្រលឹងរបស់ព្រះរាជានៅជាមួយផង។ ពិធីនេះមានបំណងឲ្យប្រទេសកម្ពុជាលែងរណបជ្វា ហើយមានតែព្រះរាជាមួយប៉ុណ្ណោះដែលជាស្តេចចក្រវាឡ។
មូលហេតុដែលព្រះអង្គកសាងរាជធានីជាច្រើនកន្លែងទំនងជាមានបញ្ហាសំខាន់ៗពីរ:
1.ដើម្បីស្វែងរកកន្លែងងាយស្រួលសំរាប់ទីតាំង ការពារ និងសំរាប់កន្លែងយុទ្ធសាស្រ្តទប់ទល់ប្រយុទ្ធប្រឆាំងជាមួយពួកសត្រូវ ក៏ដូចជាទប់ទល់នឹងសកម្មភាពនៃការប្រឆាំង
ផ្សេងៗមកលើព្រះអង្គ។ 2.ជាការស្វែងរកកន្លែងដែលជាទីតាំងសំរាប់ធ្វើការសាងសង់ប្រាសាទដើម្បីធ្វើពិធីសក្ការ:គោរពបូជា និងជាពិសេសសំរាប់ធ្វើពិធីទេវរាជរបស់ព្រះអង្គ។ បើទោះបីជាមានការផ្លាស់ប្តូរទីកន្លែងជាញឹកញាប់ និងមានមូលហេតុដូចម្តេចក៏ដោយ ក៏ព្រះបាទជ័យវរ្ម័នទី២ ទ្រង់មិនគ្រាន់តែជាព្រះមហាក្សត្រពូកែធ្វើចម្បាំង និងរៀបចំស្រុកទេសប៉ុណ្ណោះទេ ព្រះអង្គក៏ជាព្រះមហាក្សត្រដែលមានជំនឿសប់ក្នុងសាសនា គោរពបូជាអាទិទេព ព្រហ្មញ្ញសាសនាគោរពព្រះហរិហរ: ដែលជាការផ្តុំបញ្ចូលគ្នារវាងព្រះសិវ: ជាមួយព្រះវិស្ណុក្នុងរាងកាយតែមួយមានព្រះកេសពីរផងដែរ។
ក្រោយពីប្រទេសជាតិទទួលបានសន្តិភាព និងមានស្ថេរភាពពេញលេញហើយនោះ និងម្យ៉ាងទៀតដោយសារទីតាំងនៅលើភ្នំមានឧបសគ្គផងសំរាប់ធ្វើការអភិវឌ្ឍជាតិ ជាពិសេសខាងការធ្វើកសិកម្ម ព្រះអង្គបានសំរេចផ្លាស់ប្តូររាជធានីចេញពីភ្នំគូលែន ហើយមកតាំងនៅភូមិភាគក្រោមវិញ(ហរិហរាល័យ)។ ដើម្បីងាយស្រួលក្នុងការរៀបចំផ្នែកសេដ្ឋកិច្ច គឺការផលិតស្បៀងអាហារ (ដំណាំស្រូវ) និងការងារផ្សេងៗទៀតរបស់ប្រជាជន។
ជាទំនៀមទំលាប់តាំងពីដើមរៀងមក ព្រះមហាក្សត្រខ្មែរគ្រប់អង្គ កាលបើទ្រង់ធ្វើសង្រ្គាមបានជ័យជំនះ ហើយព្រះអង្គតែងកសាងបូជនីយដ្ឋានទុកជាអនុស្សាវរីយ៍ ដើម្បី
រំលឹដល់យុទ្ធជនយុទ្ធនារីដែលពលីក្នុងសមរភូមិ។
ក.ត្រូវកសាងព្រះទេវរូប (លទ្ធិទេវរាជ) ទុកជារបស់សក្តិសិទ្ធិ។
ខ.ត្រូវកសាងគ្រឿងសារពើយុទ្ធ (ឧបករណ៍ចំបាំង) និងសាងកំលាំងយោធាទុកសំរាប់ការពារមាតុភូមិ។
គ.ត្រូវបណ្តុះអរិយធម៌ជាតិ បណ្តុះប្រជារាស្រ្តឲ្យមានទឹកចិត្តស្នេហាជាតិសាមគ្គីភាពក្លាហាន និងវិជ្ជាយុទ្ធសាស្រ្តសង្រ្គាម។
ដើម្បីឆ្លើយតបនឹងយោលបល់ខាងលើ ព្រះបាទជ័យវរ្ម័ន២ទ្រង់ចាត់តាំងសាងព្រះទេវរូបដោយ ថ្មបរិសុទ្ធហើយ ឲ្យព្រាហ្មណ៍ទាំងពីរដោយមហាមន្ត ដែលមានឈ្មោះថា វិនាសិខ:១ នយោត្តរ:១ សម្មោហ:១ សិរច្ឆេទ:១។ រួចហើយ ព្រះទេវរូបទាំងពីជាតុម្ពុរុ គឺជាតួអង្គជាអាត្ម័ន ជាវិញ្ញាណទិព្វ។ តុម្ពុរុនៃព្រះទេវរូបក៏ប្រាកដឡើង ហើយគេថ្វាយព្រះនាមថា ព្រះកម្រតេងជគតរាជ។ ព្រះបាទជ័យវរ្ម័នទី២ ត្រាស់ឲ្យប្រតិស្ឋានទុតនៅទេវស្ថានក្នុង មហេន្រ្ទបព៌ត (លើភ្នំគូលែន) ជាតំណាងព្រះអង្គផ្ទាល់ទុកជាសំរាប់នាហ្មឺនសព្វមុខមន្រ្តី និងបណ្តារាស្រ្តទូទាំងនគរទាំងគោរពបូជានិងអនុវត្តតាមបទបញ្ជា។
ចំពោះការសាងសារពើយុទ្ធវិញព្រះបាទជ័យវរ្ម័ន២បានត្រាស់បង្គាប់ឲ្យសាងគ្រឿងសាស្រា្តវុធសំរាប់ព្រះមហាក្សត្រផែនដីឡើងវិញមាន:
_ព្រះខ័នរាជ្យ
_ព្រះខ័នរង
_ព្រះទំរង់អសិខ្លី
_ព្រះទំរង់អសិវែង
_ព្រះទំរង់លំពែងជ័យ
ព្រះទំរង់ទាំង៥នេះសម្រាប់ព្រះមហាក្សត្រ។ ព្រះអង្គក៏បានត្រាស់ឲ្យសាងព្រះខ័នសម្រាប់ស្តេចឧបរាជស្រុក ស្តេចត្រាញ់ ព្រមទាំងយុទ្ធោបករណ៍ផ្សេងៗទៀត។
ការកសាងគ្រឿងសាស្រ្តាវុធសម្រាប់ក្សត្រនេះ សុទ្ធតែមានពិធីប្រសិទ្ធយ៉ាងធំដុំតាមរបៀបក្បួនតម្រារបស់ព្រាហ្មណ៍។ ក្រៅពីនេះព្រះបាទជ័យវរ្ម័នទី២ ទ្រង់បានឲ្យកសាងគ្រឿង
សស្រ្តាវុធ និងគ្រឿងយុទ្ធភ័ណ្ឌសម្រាប់សេនាទាហានជាច្រើនទៀតទុកសម្រាប់ការពារប្រទេសជាតិ។
ដើម្បីឲ្យស្ទាត់ជំនាញក្នុងក្បួនយុទ្ធសាស្រ្តសម្រាប់ការពារប្រទេសជាតិព្រះមហាក្សត្រទ្រង់ឲ្យធ្វើពិធីទ្វាទសមាស:
_ខែកក្តិក ធ្វើពិធីសមយុទ្ធទាហានជើងទឹក
_ខែចែត្រ ធ្វើពិធីសមយុទ្ធទាហានជើងគោក
_ខែជេស្ឋ ធ្វើពិធីប្រសិទ្ធគ្រឿងសារពើយុទ្ធ
_ខែស្រាពណ៍ ធ្វើពិធីព្រះរាជាអានជំរះព្រះខ័នជ័យ។
ពិធីទាំងនេះបានបញ្ជាក់ថាព្រះមហាក្សត្រខ្មែរពីបូរាណកាល និយមព្រះទ័យទុកដាក់ជាសំខាន់ ក្នុងលទ្ធិខត្តិយ: ហើយប្រជារាស្រ្តក៏និយមកិច្ចការយោធាជាសំខាន់ផងដែរ។
ព្រះបាទជ័យវរ្ម័នទី២ទ្រង់ចូលទីវង្គត់នៅឆ្នាំ៨៥០ ហើយមានមរណ:នាមថា«បរមេស្វរ:» ដែមានន័យថាទ្រង់ជាភ្ញៀវរបស់ឋានសួគ៌ឥស្វរ:គឺឋានរបស់ព្រះសិវ:។
១.២ ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០៨)
ព្រះបាទយសោវរ្ម័នទី១ជាបុត្ររបស់ព្រះបាទឥន្រ្ទវរ្ម័នទី១ ព្រះអង្គមានព្រះរាជគ្រូអប់រំប្រៀនប្រដៅគឺព្រាហ្មណ៍វាមសិវ:ដែលជាប់ពូជពង្សមកពីគ្រួសារព្រាហ្មណ៍សិវកៃរល្យ និងទទួលភារ:ប្រារព្ធធ្វើពិធីទេវរាជសំរាប់ព្រះរាជាតរៀងមក។
ក.ស្នាមព្រះហស្ថ និងការស្ថាបនាប្រទេសជាតិ
ក្រោយពីទ្រង់បានឡើងសោយរាជ្យភ្លាម ព្រះបាទយសោវរ្ម័នទី១បានកសាងអាស្រមចំនួន១០០កន្លែងដែលហៅថា«យសោធរាស្រម»។ អាស្រមទាំងនោះមានដូចជា:
_ភាគខាងត្បូងប្រទេសចាប់ពីស្រុកទ្រាំងមកដល់បាភ្នំ
_ភាគខាងជើងនៅបាសាក់ភាគខាងត្បូងឡាវចុះមកដល់ត្បូងឃ្មុំ
_និងនៅបាត់ដំបងសព្វថ្ងៃ
នៅឆ្នាំ៨៩៣ព្រះបាទយសោវរ្ម័ទី១ ទ្រង់បានកសាងប្រាសាទលលៃដែលស្ថិតនៅ កណ្តាលបារាយណ៍«ឥន្រ្ទដាក» ប្រាសាទនេះមានប្រាង្គឥដ្ឋ៤ ដែលតំរៀបគ្នាជាពីរជួរមុខក្រោយសំរាប់ឧទ្ទិសដល់ព្រះមាតាបិតារបស់ព្រះអង្គ។ ព្រះអង្គទ្រង់យាងចេញពីហរិហរាល័យទៅកសាងក្រុងថ្មីមួយហៅថាក្រុងយសោធបុរ:«ក្រុងអង្គរទី១»។ ដែលតាមសិលាចារឹកបានហៅទីក្រុងនេះថា យសោធរគិរី (ជាភ្នំនៃយសោវរ្ម័ន) មានភ្នំបាខែងនៅចំកណ្តាល (ភ្នំកណ្តាល) ដែលមានទីតាំងនៅភាគខាងលិចហរិហរាល័យ។ នៅលើភ្នំបាខែង ទ្រង់បានកសាងប្រាសាទមួយសំរាប់តម្កល់ សិវលិង្គយសោធរេស្វរ: ដែលតំណាងឲ្យព្រះបាទយសោវរ្ម័នទី១។
ទ្រង់បានជីកបារាយណ៍នៅទិសឦសាននៃរាជធានីហៅថា យសោធរតដាក (បារាយខាងកើត)ដែលមានប្រវែង៧គ.ម និងទទឹង១.៨គ.ម។ នៅលើច្រាំងខាងត្បូងនៃបារាយណ៍នេះព្រះអង្គបានកសាង អាស្រមជាច្រើនសំរាប់គណ:សាសនាផ្សេងៗ ដូចជា:
_ព្រាហ្មណ៍អាស្រមសំរាប់អ្នកកាន់សាសនាឥសូរ
_វៃស្នវាអាស្រមសំរាប់អ្នកកាន់សាសនាវិស្ណុ
_សៅកតាអាស្រមសំរាប់អ្នកកាន់សានាព្រះពុទ្ធ
ព្រះអង្គបានកសាងប្រាសាទនានាទៀតដូចជា:
_ប្រាសាទសិខរីស្វរ: នៅភ្នំព្រះវិហារ
_ប្រាសាទភទ្រេស្វរ: នៅសិវបុរ: (ភ្នំសណ្តក)
_ប្រាសាទភ្នំព្រះវិហារ
_កសាងប្រាសាទនៅលើភ្នំកំពស់២០០ម.
_ប្រាសាទភ្នំក្រោមមានប្រាង្គ៣ សម្រាប់ឧទ្ទិសចំពោះត្រីម៌ូតិ (ព្រះព្រហ្ម ព្រះវិស្ណុ
ព្រះឥសូរ)។
ខ.ព្រះកិត្តិនាមរបស់ព្រះបាទយសោវរ្ម័នទី១
ព្រះបាទយសោវរ្ម័នទី១ ជាព្រះរាជាមួយព្រះអង្គដែលមានកិតិ្តនាមល្បីល្បាញដោយ
សារតែព្រះអង្គជាស្ថាបនិកទី១ នៃក្រុងអង្គរ(ក្រុងយសោធរបុរ:) ដែលស្ថិតជារាធានីខ្មែរអស់រយ:ពេល ៦ ស.វ។ តាមសិលាចារឹករបស់ព្រះបាទរាជេន្រ្ទវរ្ម័ន (ក្មួយរបស់ព្រះអង្គ) នៅ
នៅស.វទី១០ បានបញ្ជាក់ថា ប្រទេសខ្មែរខាងលិចទល់នឹងប្រទេសភូមា ខាងត្បូងទល់នឹងសមុទ្រ ខាងកើតទល់នឹងចម្ប៉ា ខាងជើងទល់នឹងប្រទេសចិន គឺតំបន់ណានឆាវនៃ ខេត្តយូណាន់របស់ចិនភាគខាងត្បូង។
ព្រះបាទយសោវរ្ម័នទី១ ពូកែនិងពេញចិត្តក្នុងការធ្វើសង្រ្គាមណាស់។ ក្រោយពីទទួលជ័យជំនះលើសត្រូវផ្ទៃក្នុង និងសត្រូវមកពីក្រៅព្រមទាំងបានចាប់ឈ្លើយសឹកមកធ្វើជាទាសករទៀតផង។ជាមួយនឹងនោះព្រះអង្គក៏ធ្លាប់បានទទួលអំពីជោគជ័យក្នុងចម្បាំងជើងទឹកទៅលើពួកដែលប្រើសំពៅមានក្តោងពណ៍ស (តែគេមិនដឹងថាជាពួកជ្វា ឬចាមទេ)។
ព្រះអង្គបានបែងចែកវណ្ណ:ប្រជារាស្រ្តជា៤វណ្ណ: ហើយទ្រង់បានរៀបចំឋាន:របស់សេនាមន្ត្រីផងដែរ។ ព្រះបាទយសោវរ្ម័នទី១ ទ្រង់ចូលទិវង្គត់នៅឆ្នាំ៩០៨ ដោយទទួលមរណនាមថា«បរមសិវលោក»។
១.៣ ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០ )
ក្រោយពីឡើងគ្រងរាជ្យគ.ស ១១១៣ ទ្រង់បានរៀបចំប្រទេសជាតិអោយមាន កាឯករាជ្យភាពជាតិជាថ្មីឡើងវិញ ដោយបានបង្រួបបង្រួមអាណាចក្រពីរគឺ បហីធបុរ: (របស់ស្តេចធរណីន្រ្ទវរ្ម័ន ) និងក្រុងអង្គរ ។ សូរ្យវរ្ម័នទី២ បានភ្ជាប់ចំណងការទូតជាមួយចិនឡើងវិញដោយបានបញ្ចូលគណ:បេសកម្មទូតចំនួន២នាក់ ទៅប្រទេសចិននៅឆ្នាំ ១១១៦ និង ១១២០ ។
ក. ការធ្វើសង្គ្រាម
សូរ្យវរ្ម័នទី២ជាស្តេចសឹកដ៏អង់អាចក្លាហាន ដោយបានធ្វើសង្គ្រាមជាច្រើនលើកជាច្រើនសារជាមួយនិងចម្ប៉ា ដាយវៀត និង មន ។
នៅគ.ស ១១២៨ ទ្រង់បានប្រមូលទ័ពចំនួន ២ម៉ឺន នាក់ចូលលុកលុយប្រទេសដាយវៀត ប៉ុន្តែត្រូវមេទ័ពឈ្មោះ «លីកុងប៊ីង » រុញច្រានអោយដកថយពីតំបន់ ងេអាន ។ បន្ទាប់មកទៀតព្រះអង្គបានលើកទ័ពជើងទឹកដែលមានសំពៅចំនួន៧០០ គ្រឿងចូលវាយលុកតំបន់ឆ្នេរថាញ់វ៉ាទៀត ។
នៅគ.ស ១១៣១ ទ័ពសម្ព័ន្ធមិត្រខែ្មរ-ចាម បានវាយលុកតំបន់ងេអានជាថ្មីម្តងទៀត តែត្រូវដកថយមកវិញនៅគ.ស១១៣៨ ហើយទ្រង់បានលើកទ័ពទៅវាយលុក ដាយវៀតម្តងទៀត ប៉ុន្តែត្រូវស្តេចចាមឈ្មោះ«ជ័យឥន្រ្ទវរ្ម័នទី៣»មិនបានចូលរួមជាមួយខែ្មរ។ជាការសងសឹកចំពោះចាម ដែលលះបង់ចោលសម្ព័ន្ធមិត្ត ព្រះបាទសូរ្យវរ្ម័នទី២ បានបង្វែរទ័ពមកលុកលុយចម្ប៉ាវិញ ហើយបានកាន់កាប់ប្រទេសចម្ប៉ា អស់រយះពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ ១១៤៥-១១៤៩។
នៅចន្លោះឆ្នាំ ១១៤៥-១១៤៩ ស្ដេចចាមឈ្មោះជ័យហរិវរ្ម័នទី១ បានឡើងសោយរាជ្យនៅបាណ្ឌរង្គហើយបានប្រយុទ្ធជាមួយទ័ពចំរុះខែ្មរចាមដែលស្ថិតក្រោមបញ្ជាការមេទ័ពឈ្មោះសង្ការ: ហើយបានទទួលជោគជ័យនៅរាជបុរ: នៅគ.ស១១៤៨ ហើយទទួលជោគជ័យទាំងស្រុងនៅឆ្នាំ១១៤៩។
នៅគ.ស ១១៥០ ព្រះបាទសូរ្យវរ័្មនទី២បានលើកទ័ពទៅវាយដាយវៀតជាលើកចុងក្រោយតែត្រូវបរាជ័យទៀត ព្រោះចំរដូវភ្លៀង។ នៅឆ្នាំដដែលទ្រង់បានលើកទ័ពទៅ វាយប្រទេសមនតែត្រូវទទួល បរាជ័យដូចគ្នា។
ខ. ស្នាមព្រះហស្ថ និងការស្ថាបនា
នៅក្នុងវិស័យសំណង់វិញ ព្រះបាទសូវរ្ម័នទី២ បានបន្តការស្ថាបនាប្រាសាទភ្នំជីសូរ ប្រាសាទវត្តភូ ប្រាសាទព្រះវិហារ ប្រាសាទភ្នំសណ្តក។ ចំណែកឯសំណង់ថ្មីវិញ ព្រះអង្គបានកសាង ប្រាសាទភ្នំពិធូរ ប្រាសាទធម្មានន្ន ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទចៅសោយទេវតា និង ប្រាសាទអង្គវត្ត ដែលជាស្នាដៃឯកសិល្ប៍:ខ្មែរ ដើម្បីតម្កល់ព្រះវិស្ណុ។ អង្គរជាប្រាសសាទភ្នំដែលមានថែវធំហើយវែង តួប្រាសាទ ទាំងមូលសង់ពីថ្មភក់មានរាងកំពស់ (៦៥ម.ដោយគិតពីដីរាបរហូតដល់កំពូលខ្ពស់ធំបំផុត) សមល្អក្រៃលែងទោះបីជាមើលពីលើក៏ដូចជាមើលនៅគ្រប់ទិសទាំង៨ដែល។ ប្រាសាទនេះមានកំពូល៥ មានបណ្តោយជាង១៥០០ម ពីទិសខាងលិចទៅកើត និងទទឹងប្រវែង១៣០០មពីទិសខាងជើងទៅត្បូង និងមានគូទឹកដែលមានទទឹង២០០ម ព័ទ្ធជុំវិញ។ ហើយសាសនាព្រាហ្មណ៍ គណ:វិស្ណុត្រូវបានព្រះរាជាលើកតំកើនឲ្យមានឋាន:ជាសាសនារដ្ឋ។ ទឹកដីខ្មែរសម័យនៃការគ្រប់គ្រងរបស់ព្រះបាទសូរ្យវរ្ម័នទី២មានការរីកចំរើនធំទូលាយណាស់ ខាងជើងឈាងខាងកើតទល់នឹងចម្ប៉ា ខាងកើតទល់នឹងសមុទ្រ ខាងលិចទល់នឹងភូមា ខាងត្បូងទល់នឹងកៀឡូហ៊ី (នៅលើជ្រោយមលយូ)។ ព្រះអង្គមានមរណ:នាមបរមវិស្ណុលោក។១.៤ ព្រះបាទជ័យវរ្ម័នទី៧ (១១៧៧-១៤៣២)
ដំណាក់កាលទី៣ នៃសម័យអង្គរជាសម័យរុងរឿងបំផុតនៃប្រវត្តិសាស្រ្តកម្ពុជា ហើយបើកសម្ពោធដោយស្តេច«ជ័យវរ្ម័នទី៧»ដែលជាស្តេចសឹកដ៏ល្បីល្បាញ និងជាស្តេចស្ថាបនិកមួយអង្គដែលមិនចេះនឿយណាយ ហើយលើសពីនេះទ្រង់ជាវីរ:បុរសរំដោះជាតិឲ្យផុតពីការត្រួតត្រារបស់បរទេស។
ព្រះបាទជ័យវរ្ម័នទី៧ជាបុត្ររបស់ព្រះបាទធរណីន្រ្ទវរ្ម័ន និងត្រូវជាបងប្អូនជីទួតមួយនិងព្រះបាទសូរ្យវរ្ម័នទី២ ហើយទ្រង់បានរៀបអភិសេកជាមួយព្រះនាងជ័យរាជ្យទេវី តាំងពីទ្រង់មិនទាន់បានឡើងសោយរាជ្យម្ល៉េះ។ ទ្រង់មានព្រះនាមដើមថា «ជ័យវរធន៌»។
ក. ការធ្វើសង្រ្គាម និងនយោបាយ
ក្រោយពីចាមវាយយកក្រុងអង្គរបាននៅគ.ស១១៧៧ ទ្រង់បានសំរេចចិត្តយ៉ាងអាថ៌កំបាំងជាមួយប្រជារាស្ត្រដើម្បីប្រមូលកំលាំងតស៊ូរំដោះជាតិវិញរហូតទទួលជោគជ័យបាននៅ១១៨១។ ក្រោយពីបានឡើងសោយរាជ្យនៅគ.ស១១៨២ កិច្ចការជាដំបូងរបស់ទ្រង់គឺការរៀបចំឲ្យមានសន្តិសុខឡើងវិញ និងការកសាងរាជធានីយសោធរបុរ: ដែលត្រូវទទួលរងនូវការបំផ្លាញជាច្រើនដោយសារសង្រ្គាម។ ទ្រង់បានពង្រឹងរាជធានីយសោធរបុរ: ដោយស្ថាបនាកំពែងថ្មបាយក្រៀម និងគូទឹកព័ទ្ធជុំវិញមានប្រវែង៣គ.ម បូនជ្រុងដើម្បីការពារការវាយលុកជាថ្មីដោយមិនដឹងខ្លួនពីសំណាក់សត្រូវ។
ដើម្បីសងសឹកនិងចាម ដែលបានវាយលុយក្រុងអង្គរនៅឆ្នាំ ១១៧៧ ព្រះបាទជ័យវរ្ម័នទី៧ បានខិតខំកសាង និងស្តារប្រទេសជាតិឡើងវិញ ហើយបានរៀបចំផែនការយ៉ាងម៉ត់ចត់។ នៅគ.ស១១៩០ទ្រង់បានចរចាជាមួយប្រទេសដាយវៀតដោយឲ្យប្រទេសនេះនៅជាអព្យាក្រឹត ហើយទ្រង់ចាប់យកវិទ្យានន្ទន៍ធ្វើជាឧបករណ៍ដើម្បីងាយស្រួលក្នុងការវាយលុកចាម។នៅឆ្នាំ១១៧៧ជាឪកាសល្អបានហុចឲ្យ ស្តេចចាមព្រះនាមជ័យឥន្រ្ទវរ្ម័នទី៤បានលើកទ័ពមកវាយខ្មែរម្តងទៀតទើបទ្រង់បញ្ជាឲ្យវិទ្យានន្ទន៍លើក ទ័ពមកទប់ទល់។ វិទ្យានន្ទន៍វាយបានក្រុងវិជ័យ និងចាប់បានស្តេចចាមធ្វើជាឈ្លើយសឹក មកថ្វាយស្តេចជ័យវរ្ម័នទី៧ ហើយវិទ្យានន្ទន៍បានលើកប្អូនរបស់ព្រះបាទជ័យវរ្ម័នទី៧ឲ្យឡើងសោយរាជ្យនៅវិជ័យ ដែលមានឈ្មោះថាសូរ្យជ័យវរ្ម័នទេវ រួចបានវិទ្យានន្ទន៍លើកទ័ពទៅវាយយកទីក្រុងបាណ្ឌរង្គ ហើយក៏បានឡើងសោយរាជ្យនៅទីនោះដោយមានឈ្មោះថ្មីថាសូរ្យវរ្ម័នទេវ ប៉ុន្តែមិនយូរប៉ុន្មានពួកចាមនៅវិជ័យក៏បះបោរឡើងបណ្តេញព្រះអង្គម្ចាស់អិន (សូរ្យវរ្ម័នទេវ) ឲ្យរត់ចូលមកកម្ពុជាវិញ ហើយបានលើកស្តេចចាមឲ្យឡើងសោយរាជ្យជំនួសវិញ។
នៅគ.ស១១៩៣ និង ១១៩៤ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានសាកល្បងនែនាំវិទ្យានន្ទន៍ឲ្យទទួលស្គាល់អំណាច របស់ទ្រង់វិញតែជាការឥតប្រយោជន៍រហូតដល់គ.ស១២០៣ ទ្រង់ក៏បញ្ជាឲ្យស្តេចចាមមួយអង្គឈ្មោះអុងធនបតិគ្រាមដែលជាឪពុកមាររបស់វិទ្យានន្ទន៍លើកទ័ពវាយកំចាត់រហូតដល់បានទទួលជ័យជំនះហើយចាប់ពីពេលនោះមកប្រទេសចាមបានក្លាយជាអាណាខេត្តមួយរបស់កម្ពុជា ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អុងធនបតិគ្រាម។
ខ. ស្នាមព្រះហស្ថ និងការស្ថាបនាប្រទេសជាតិ
ក្នុងវិស័យសំណង់ជ័យវរ្ម័នទី៧ ជាស្តេចស្ថាបនិកមួយអង្គមិនចេះនឿយហត់ ដោយបានកសាងសមិទ្ធិផលបានច្រើនជាងគេ។ ទ្រង់បានកសាងក្រុងអង្ករទី៣ «អង្គរធំ» ដែលមានកំពែងថ្មបាយក្រៀម និងគូទឹកព័ទ្ធជុំវិញមានគោបុរ:៥ និងមានប្រាសាទបាយ័ននៅចំកណ្តាល។ កំពែងទាំងនោះជាខ្សែក្រវ៉ាត់ការពារអង្គរធំ។ ទ្រង់បានកសាងប្រាសាទបាយ័ន ដែលជាប្រាសាទព្រះពុទ្ធសាសនា ដោយមានប្រាង្គមុខបួនចំនួន៥៤ បែរមុខទៅកាន់ទិសទាំងបួន ដែលជានិមិត្តរូបនៃព្រះពោធិ៍សត្វលោកេស្វរ:។ ផ្លូវទាំងអស់សុទ្ធតែតំរង់ឆ្ពោះទៅកាន់គោបុរ:ទាំងអស់នៃប្រាសាទទាំង៥ ដែលបង្ហា្ញញទៅកាន់ទិសធំៗទាំងបួន។ ផ្លូវក្រាលថ្មទាំងឡាយដែលចូលទៅក្នុងប្រាសាទតែមានបង្កាន់ដៃរូបនាគដែលជានិមិត្តសញ្ញានៃឥន្ទធនូ(នៅក្នុងប្រពៃណីឥណ្ឌាជាផ្លូវភ្ជាប់រវាងពិភពមនុស្សជាមួយនិងពិភពទេវ:)។ នៅថែវខាងក្នុង និងខាងក្រៅនៃប្រាសាទបាយ័នបានរំលេចឡើងនូវរូបចំលាក់ ដែលធ្វើឲ្យយើងស្គាល់ច្បាស់នូវជីវភាពរស់នៅផ្នែកសំភារ:របស់ជាតិខ្មែរនៅស.វទី១២។
នៅជុំវិញក្រុងមានប្រាសាទតាព្រហ្ម ព្រះខ័ន្ត នាគព័ន្ធ តាសោម ក្រោលគោ និងមានប្រាសាទជាច្រើនទៀតនៅតាមខេត្តដូចជា: ប្រាសាទបន្ទាយឆ្មារ ប្រាសាទវត្តនគរ(កំពង់ចាម) ប្រាសាទតាព្រហ្ម(តាកែវ)...ប្រាសាទទាំងអស់នេះសុទ្ធតែមានប្រាង្គមុខបួន ដែលបែរទៅរកទិសទាំងបួន។ នៅចំប្រាង្គកណ្តាលនៃប្រាសាទបាយ័ន គេតំកល់ពុទ្ធរាជ ជំនួសសីវលិង្គ ហើយពុទ្ធរាជនោះមានកំពស់ជិត៤.ម។
ក្រៅពីការសាងសង់ប្រាសាទព្រះអង្គបានកសាងសាលាសំណាក់ចំនួន១២១និងមន្ទីរពេទ្យចំនួន១០២ ហើយបើតាមសិលាចារឹកព្រះខ័ន្ត បានឲ្យដឹងថាការកសាងសាលាសំណាក់នេះធ្វើឡើងនៅតាមផ្លូវធំៗ នៃអាណាចក្រដែលមានចំងាយ១៥ គ.ម ពីមួយទៅមួយហើយសាលាសំណាក់ទាំងនោះមាន:
_ពីអង្គរទៅចម្ប៉ាមាន ៥៧ សាលា
_ពីអង្គរទៅភិម៉ៃមាន ១៧ សាលា
_ពីកន្លែងដ៏ទៃទៀតមាន ៤៦ សាលា
_ភ្នំជីសូរមាន ០១ សាលា
គ. ផ្នែកសុខាភិបាល
ដោយទ្រង់យល់ឃើញពីការឈឺចាប់របស់ប្រជារាស្រ្ត ដែលមានជំងឺព្រះបាទជ័យវរ្ម័នទី៧បានបង្កើតមន្ទីរពេទ្យចំនួន១០២ ដែលរាយពាសពេញផ្ទៃនគរ (តាមសិលាចារឹកតាព្រហ្ម) ។ បើតាមសិលាចារឹករបស់នៅសាហ្វុង«ជំងឺរបស់ប្រជារាស្រ្តបានធ្វើឲ្យទ្រង់ឈឺចាប់ជាងជំងឺរបស់ខ្លួនទ្រង់ទៅទៀត ព្រោះថាសេចក្តីឈឺចាប់ជាសាធារណ: នេះហើយដែលជាសេចក្តីឈឺចាប់របស់ព្រះរាជាទាំងឡាយគឺពុំមែនសេចក្តីឈឺចាប់ផ្ទាល់ខ្លួនទេដែលធ្វើឲ្យទ្រង់ឈឺចាប់»។
សព្វថ្ងៃនេះគេរកឃើញកន្លែងនៃមន្ទីរពេទ្យទាំងនោះចំនួន១៥កន្លែង ដែលមានសិលាចារឹកនិយាយពីការកសាង និងដំណើការប្រព្រឹត្តទៅនៃគ្រឹះស្ថាននោះ។ មន្ទីពេទ្យនីមួយៗនោះមាន ៖
_វេជ្ជបណ្ឌិតចំនួន ០២ នាក់គឺប្រុស ១នាក់ និងស្រី ១នាក់
_អ្នកកាន់ឃ្លាំងថ្នាំ ២នាក់
_អ្នកដាំស្ល ២នាក់ សំរាប់ផ្តល់ភ្លើង និងទឹកព្រមទាំងមានកិច្ចដុសលាងប្រាសាទ
_អ្នកបំរើ២នាក់ សំរាប់រៀបចំដង្វាយដល់ព្រះពុទ្ធ
_គិលានុប្បដ្ឋាន ១៥នាក់
_នារីចំនួន ៦នាក់ សំរាប់ដាំទឹក និងបុកថ្នាំ
_អ្នកបុកអង្ករចំនួន ២នាក់
សរុបមកអ្នកធ្វើការប្រចាំមន្ទីរមានបុគ្គលិកចំនួន៣២នាក់ ហើយក្រៅពីបុគ្គលិកមាន
នេះនៅមានអ្នកបំរើចំនួន៦៦នាក់ ដែលស្ថិតនៅជាអចិន្រ្តៃយ៍ និងបើកប្រាក់បៀវត្សពីរាជការ។ បើតាមសិលាចារឹកនៅប្រាសាទតាព្រហ្មបានឲ្យដឹងថា ការចំណាយលើវិស័យសុខាភិបាលមានកំរិតខ្ពស់ ដូចជាត្រូវចំណាយស្រូវប្រចាំឆ្នាំ១១.១៩២តោន ល្ង២.១២៤គីឡូក្រាម ក្រវាញ១០៥គីឡូក្រាម ផ្លែមូស្កាដ៣.៤០២គ្រាប់ ថ្នាំគ្រុន៤.៨០០០ប្រអប់ និងប្រេងលាបរបួសប្រឆាំងឬដូងបាត១.៩៦០ប្រអប់។ ប្រជាជននៅសម័យអង្គរមានចំនួនប្រហែលជា១៥លាននាក់។
ឃ.ការអប់រំ និងសាសនា
ក្រោយពីព្រះនាងជ័យរាជទេវីសោយទីវង្គត់ទៅ ព្រះបាទជ័យវរ្ម័នទី៧ ក៏រៀបអភិសេកជាមួយព្រះនាងឥន្រ្ទទេវី ដែលជាបងបង្កើតរបស់ព្រះនាងជ័យរាជទេវី។ ក្សត្រីអង្គនេះជាស្រ្តីមួយរូបដែលសម្បូរទៅដោយចំនេះវិជ្ជា អក្សរសាស្រ្ត ភាសាសំស្រ្តឹតច្បាស់លាស់ ចេះវិជ្ជាផ្សេងៗ ហើយមានប្រាជ្ញាឈ្លាសវៃ។ ព្រះនាងត្រូវបានព្រះរាជាតែងតាំងជាសកលវិទ្យាធិការនី នៅក្នុងសាកលវិទ្យាល័យមួយឈ្មោះថា នទេន្រ្ទាស្រម ។ ព្រះនាងឥន្រ្ទទេវីនេះហើយដែលបានណែនាំបញ្ចុះបញ្ចូលព្រះស្វាមីឲ្យងាកមកកាន់ព្រះពុទ្ធសាសនាយ៉ាងមុតមាំ។ ហើយព្រះពុទ្ធសាសនាមហាយានត្រូវបានព្រះបាទជ័យវរ្ម័នទី៧ លើកតំកើនឲ្យទៅជាសាសនារបស់រដ្ឋតែម្តង។
សម័យកាលនៃការគ្រប់គ្រងរបស់ព្រះបាទជ័យវរ្ម័នទី៧ ប្រទេសជាតិមានសុខសន្តិភាពហើយមានការរីកចំរើនលើគ្រប់វិស័យមិនតែប៉ុណ្ណោះទឹកដីមានវិសាសភាពធំធេងណាស់គឺ ខាងជើងទល់នឹងចិន(ណានចាវ) ខាងលិចទល់នឹងភូមា ខាងត្បូងទល់នឹងសមុទ្រ
ខាងកើតទល់នឹងចម្ប៉ា។ការសោយទីវង្គត់របស់ព្រះអង្គពុំមានការបរិច្ឆេទច្បាស់លាស់ទេ ។
II. សង្គមនៃអរិយធម៌អង្គរ
១.ស្ថានភាពភូមិសាស្រ្ត
ការដែលខ្មែរយើងជ្រើសរើសយកតំបន់អង្គរធ្វើជារាជធានី មិនមែនជារឿងចៃដន្យនោះទេ។ ព្រោះវាជាភូមិសាស្រ្តដែលស្ថិតនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ហើយតំបន់នេះជាទីប្រជុំនៃផ្លូវជំនួញ ទាំងផ្លូវគោក និងផ្លូវទឹក និងសម្បូរធនធានធម្មជាតិគ្រប់បែបយ៉ាងដូចជា ត្រីនៅក្នុងបឹងទន្លេសាបម្រឹគ ឈើល្អៗនៅក្នុងព្រៃ និងថ្មភក់សំរាប់សាងសង់ប្រាសាទនៅភ្នំគូលែន។ ឯវាលទំនាបនៅជុំវិញសុទ្ធសឹងជាដីមានជីជាតិសំរាប់ដំណាំសព្វសារពើ។
២.ធនធានមនុស្ស និងមត៌កពីអតីតកាល
ជនជាតិខ្មែរនៅសម័យអង្គរ ជនជាតិដែលមានចិត្តអំណត់ឧស្សាហ៍ព្យាយាមមានបំណងដ៏ធំបំផុតនោះគឺការធ្វើឲ្យមានការរីកចំរើនលើគ្រប់វិស័យ និងភាពសម្បូរសប្បាយ។ ជាសក្ខីភាពនៃការព្យាយាមនឹងបំណងនេះ ព្រះរាជាសម័យអង្គរបាន ឲ្យជាងចំលាក់ឆ្លាក់រឿងកូសមុទ្រទឹកដោះនៅលើជញ្ជាំងប្រាសាទជាច្រើន និងនៅគ្រប់ច្រកទ្វារចូលនៃបូរីអង្គរធំ ព្រោះទឹកអម្រឹតដែលហូរចេញពីការកូរសមុទ្រទឹកដោះ ជានិមិត្តរូបយ៉ាងច្បាស់នៃថាមពលខាងការងារ និងការប្រណាំងប្រជែងបង្កើនផលិតផល។
សេចក្តីក្លាហាន និងភាពមោះមុតរបស់ខ្មែរសម័យអង្គរមានតាំងពីសម័យនគរភ្នំ និងចេនឡាមកម៉្លេះ។ ដូច្នេះខ្មែរមានអរិយធម៌ជឿនលឿនតាំងពីសម័យនគរភ្នំនិងចេនឡាហើយនៅសម័យអង្គរអរិយធម៌ខ្មែរកាន់តែរីកសុះសាយពិសេសនៅភូមិភាគអាស៊ីអាគ្នេយ៍នេះ។
៣.ជីវភាពរស់នៅក្នុងសម័យអង្គរ
នាសម័យអង្គរសហគមន៍អ្នកស្រុកត្រូវបានបែងចែកជាបីប្រភេទ ឯប្រភេទ
សហគមន៍នោះសោតក៏ទាក់ទងនឹងប្រភេទទឹកដី ភូមិសាស្ត្រ ឬបរិស្ថានផងដែរ។
ក្រុមទីមួយ ច្រើនតែជាកសិកររស់នៅតាមភូមិតូចៗរាយប៉ាយនៅតាមវាលទំនាបអង្គរ ពិសេសនៅជុំវិញក្នុងឧស្យានបូរាណ។ អ្នកទាំងនោះចិញ្ចឹមជីវិតដោយធ្វើស្រែភាគច្រើន។
ក្រុមទីពីរ ជាអ្នកស្រែ ដែលរស់នៅតាមដងស្ទឹងឬផ្លូវទឹកផ្សេងៗ រាប់បញ្ចូលទាំងតំបន់លិចទឹកដោយជំនន់ទន្លេសាបប្រចាំឆ្នាំផង។ អ្នកទាំងនោះរស់នៅផ្តុំគ្នា កកកុញជាងក្រុមទីមួយ ហើយចិញ្ចឹមជីវិត ដោយធ្វើស្រែនេសាទ ហើយក្នុងរដូវខ្លះលក់ភោគផលខ្លួនបន្តិចបន្តួចតាមផ្សារ។
ក្រុមទីបី ជាប្រជាពលរដ្ឋដែលរស់នៅលើទឹក គឺភូមិដែលចល័តទៅតាមចលនានៃទឹកឡើងនៃទន្លេសាប របររកស៊ីសំខាន់របស់ពួកគេគឺនេសាទ។ ភោគផលដែលរកបាន យកមកទទួលទានផ្ទាល់ និងយកទៅលក់នៅទីផ្សារ ឬបោះបន្តឲ្យគេផងដែរ។
ក្រៅពីក្រុមទាំងបីនេះ នៅមានអ្នកខ្លះមានជំនាញបន្តិចបន្តួចបន្ទាប់ពីធ្វើស្រែដូចជា៖
_ធ្វើស្ករត្នោត របរនេះធ្វើបានរយះពេលបីខែក្នុងមួយឆ្នាំ (អ្នកដែលគ្មានដី ឬដើមត្នោតអាចជួលប្រវាសពីអ្នកដទៃបាន)។
_រកជ័រទឹកអំពីដើមយាង
_រកវល្លិ៍ដើម្បីធ្វើឧបករណ៍ផ្សេងៗដូចជា: កញ្រ្ចែង កន្រ្តក ល្អី គ្រប់បែបយ៉ាង ឬក៏ធ្វើសំណាញ់ប្រដាប់លក់ឲ្យអ្នកនេសាទនៅទន្លេសាប។
_ធ្វើកម្មករ ដែលជួសជុលប្រាសាទ ឬបំពេញកាងារដ៏ទៃទៀតនៅតំបន់អង្គរ។
៤.វណ្ណ:
ប្រទេសខ្មែរបានទទួលឥទ្ធិពលអរិយធម៌ឥណ្ឌា ចាប់តាំងពីដើមស.វនៃគ.សមកម៉្លេះ។ ខ្មែរក៏បានចែកមនុស្សជា៤វណ្ណ: តាមលទ្ធិព្រហ្មណ៍ដែរ។
ប៉ុន្តែការបែងចែកនេះមិនតឹងរឹងដូចនៅក្នុងសង្គមឥណ្ឌាទេ។
៤.១.វណ្ណ:ក្សត្រ និងព្រះរាជវង្សានុវង្ស
ក្សត្រ និងព្រះរាជវង្សានុវង្ស : ពួកនេះមានបុព្វសិទ្ធច្រើនយ៉ាងណាស់ គេមិនបង់ពន្ធដាទេ ហើយគ្មានអ្វីតម្រូវឲ្យគេធ្វើការធ្ងន់ៗដោយប្រការណាមួយឡើយ។ ស្រ្តីអម្បូរក្សត្រត្រូវរៀបការជាមួយក្សត្រដូចគ្នាតែបើមានស្វាមីក្នុងចំណោមបណ្តារាស្រ្តពេលនោះកូនដែលកើតមកពុំអាចរាប់ចូលក្នុងព្រះរាជវង្សទេ។
ម្យ៉ាងទៀតយើងពុំហ៊ានប្រៀបប្រដូចសមាជិកទាំងឡាយនៃព្រះរាជវង្សានុវង្សទៅនិងពួកក្សត្រិយ៍(អ្នកចំបាំង)ដែលមាននៅក្នុងប្រទេសឥណ្ឌាទេ។ ទោះបីយ៉ាងណាយើងដឹងថាស្តេចសម័យអង្គរប្រាកដជាស្គាល់ច្បាស់នូវករណីកិច្ចនៃ វណ្ណ:ក្សត្រិយ៍ នេះបានជា ព្រះអង្គ តែងដឹកនាំទ័ពចេញច្បាំងផ្ទាល់ ដោយពុំមានខានចន្លោះស្តេចមួយអង្គណាឡើយ ជា ពិសេសចូលចិត្តធ្វើសង្រ្គាមវាទទឹកដី និងតាំងខ្លួន ជាចក្រពត្រាធិរាជជាដើម។ ពួកអស់ នេះ ហើយដែលទទួលនូវមុខងារសំខាន់ៗក្នុងការដឹកនាំរដ្ឋ។
៤.២.វណ្ណ:ព្រាហ្មណ៍ និងបុព្វជិត
វណ្ណ:នេះមានតួនាទីសំខាន់ណាស់ក្នុងរាជវាំងនៅសម័យមហានគរ ព្រោះគេច្រើន ចាត់ទុក វណ្ណ:នេះជារាជគ្រូ ឬជាអ្នករៀបចំពិធីផ្សេងៗទាក់ទងនឹងលទ្ធិព្រាហ្មណ៍។ តាម លោកជីវតាក្វាន់ នៅសម័យអង្គរក្នុងស.វទី១៣ ពួកកាន់សាសនាចែកចេញជាបីក្រុមគឺ
_ពួកប៉ានឃាប គឺពូកព្រាហ្មណ៍។ ពួកនេះស្លៀកពាក់ដូចគេឯងដែរខុសត្រង់ មាន
ពាក់ អំបោះវិញមួយខ្សែនៅក ជាសញ្ញាសំគាល់ថាជាអ្នកចេះដឹងជាន់ខ្ពស់។
_ពួកជូគូ (ចៅគូ) គឺពួកលោកសង្ឃខាងព្រះពុទ្ធសាសនា។ ពួកនេះកោរព្រះកេស គ្របជីវរពណ៌លឿងបញ្ចេញស្មាស្តាំ និមន្តដោយជើងទទេ ឆាន់ចង្ហាន់តែមួយដងក្នុងមួយថ្ងៃ ហើយគោរពបូជាព្រះពុទ្ធសានា “ដែលមានភិនភាគដូច «ព្រះសក្សមុនី» ដែរ។
_ពួកប៉ាសុំរី ឬពួកតាបស ស្លៀកពាក់ដូចអ្នកស្រុកធម្មតាតែមានជូតក្បាលពណ៌ស ឬពណ៌ក្រហម...។
៤.៣.វណ្ណ:អ្នកជា
ពួកទាំងនេះគឺជាមន្ត្រីរាជការតូចតាច ឈ្មួញ សិល្ប៍ករ សិប្បករ និងប្រជារាស្ត្រ សាមញ្ញភាគច្រើន ដែលជីវតាក្វានរិះគន់ថា “ខ្មៅគម្រីងគម្រាំង” តែក្រោយមកហៅខ្លួន ថាអ្នកជា។ ពោលគឺមនុស្សស្រណុកសុខសប្បាយ ឬមនុស្សមានសិទ្ធសេរីភាពបរិបូណ៍។ យើងគ្មានពត៌មានច្បាស់លាស់ស្តីពីក្រុមនេះទេ ដូចលោកហ្សង់អាំងប៊ែរ បានធ្វើការសង្កេត ស្រាប់ថា ជាការធម្មតាណាស់ដែល គេពុំដឹងរឿងរ៉ាវអ្វីស្តីពីជនដែលជា”អ្នកជា” (Et comme c’estle cas généralement pour les gens heureux, nous ne savons presque rien pour leor compte) ពលព្រះមួយភាគធំប្រហែលឋិតនៅក្នុងក្រុមនេះដែរ។
៤.៤.វណ្ណ:ទាសករ និងអ្នកងារ
ពួកនេះជាពួកខ្ញុំបម្រើប្រុសស្រីនៅសម័យអង្គរគេមានឈ្មោះច្រើនយ៉ាងសំរាប់ហៅ។ ពួកនេះអាចទៅបម្រើគេអស់មួយជីវិត ហើយជូនកាលអស់មួយពូជទៀតផង។ យ៉ាងណា ពួកនេះគ្មានសិទ្ធសេរីភាពអ្វីទាំងអស់ គេប្រើប្រាស់ក្នុងកិច្ចការធ្ងន់ស្រាលនៅក្នុងផ្ទះសម្បែង នៅមុខរបរជំនួញនៅក្នុងទីស្រែចំការឬនៅក្នុងការងារធំៗដ៏ទៃទៀតរួមមានសំណង់ ប្រាសាទ ទំនប់ទឹក បារាយណ៍ .ល។ នៅក្នុងពិធីសាសនានៅវត្តអារាម (ពលព្រះ)។
ប្រវត្តិវិទូជាច្រើនពោលថា នៅក្នុងពួកអស់នេះមានខ្លះជាសិប្បករ ជាងឈើ ជាងទង ជាងចំលាក់.ល។ ប្រវត្តិវិទូខ្លះទៀតបាននិយាយថាជាភាគច្រើននៃពួកនេះជាអតីតឈ្លើយសង្រ្គាមដែលខ្មែរយើងចាប់ឬកៀរយកមកពីស្រុកនាយ។
៥ សេដ្ឋកិច្ច នៅសម័យអង្គរ
៥.១ កសិកម្ម និងនេសាទ
នៅសម័យអង្គរព្រះមហាក្សត្របានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យកសិកម្ម ដូច្នេះហើយព្រះអង្គត្រូវធ្វើយ៉ាងណាឲ្យវិស័យកសិកម្មលូតលាស់អតិបរមាគឺ ធ្វើឲ្យមានទឹកបរិបូណ៍ដោយមិនចាំបាច់ពឹងផ្អែងទៅលើទឹកភ្លៀង។ ដោយសារការកសាងបារាណ៍ធំៗដែលមាននៅសល់ខ្លះរហូតដល់សព្វថ្ងៃនេះផង។បើតាមទស្សន:របស់លោក ជីវតាក្វាន់ខ្មែរនៅសម័យនោះអាចធ្វើស្រែបាន៣ទៅ៤ដង/ឆ្នាំ។ លោក Henristier Lin អ្នកឯកទេសជនជាតិស្វីសម្នាក់បានគន់គូរឃើញថានៅលើផ្ទៃដី១០០០គ.ម២ នៅតំបន់នេះគេអាចផលិតស្រូវបានក្នុងមួយឆ្នាំប្រហែល១៥០០០០តោន ដែលអាចចិញ្ចឹមប្រជាពលរដ្ឋដល់ទៅ៨០០០០០នាក់ ហើយនៅសល់៤០% អាចយកទៅផ្តល់ឲ្យតំបន់ផ្សេងៗទៀត។ លោកប៊ែរណាគ្រោពីយេ បានពោលថា នៅសម័យនោះទឹកតំបន់អង្គរមានមិនខ្វះទេ តែចំណោទស្ថិតត្រង់ការចែកចាយទឹក ឲ្យបានទៅដល់គ្រប់ទីកន្លែងប៉ុណ្ណោះ។លោកបានបន្ថែមថា ដោយខ្មែរមានដូនតាជាអ្នកជំនាញ នយោបាយទឹក គេបានធ្វើនយោបាយទឹកនេះតទៅទៀត ប៉ុន្តែគេបានបោះជំហានយ៉ាងវែងក្នុងវិស័យនេះបានសេក្តីថា គេបានផ្លាស់ប្តូរបច្ចេកទេសបញ្ចេញទឹកពីស្រែ មកជាបញ្ចូលទឹកក្នុងស្រែវិញ។ ឯនយោបាយទឹកដើម្បីបង្ហូរទឹកទៅក្នុងស្រែនៅពេលដែលគេត្រូវការនេះ ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ជាដំបូងដោយព្រះបាទឥន្រ្ទវរ្ម័នទី១ព្រះអង្គបានយកព្រះទ័យទុកដាក់នឹងកសិកម្មដែលធម្មតាពឹងផ្អែងទៅលើ ដី ទឹកភ្លៀង ខ្យល់រដូវ ។
នយោបាយទឹកនេះត្រូវបានព្រះរាជាក្រោយព្រះអង្គ នៅក្នុងសម័យអង្គរអនុវត្តន៍ជាបន្តទៀតយ៉ាងម៉ត់ចត់ ជាហេតុនាំឲ្យកើតមានភាពសម្បូរសប្បាយដល់ប្រទេសអស់រយះកាលជាច្រើនស.វ។យើងគួរធ្វើឲ្យការសិក្សាអំពីនយោបាយទឹកឲ្យបានពិស្តារបន្តិចដែរ ព្រោះវាជាមូលដ្ឋានមួយធំណាស់ដែលញុំាងឲ្យមានការលើស្ទួយអរិយធម៍ខ្មែរជំនាន់នោះឲ្យមានការលូតលាស់រុងរឿងដល់កំពូល។ នៅសម័យអង្គរខ្មែរយើងបានទទួលជោគជ័យ សម្បើមណាស់ក្នុងវិស័យកសិកម្ម ហើយជោគជ័យទាំងនេះគឺជារបស់ប្រជាពលរដ្ឋក្នុងសម័យនោះ។ គួរបញ្ជក់ថានៅសម័យអង្គរក្រៅពីដំណាំស្រូវ គេប្រកបមុខរបរនេសាទ មាននៅរូបចម្លាក់នៅលើប្រាសាទបាយ័ន បានបង្ហាញស្រាប់។ ចំពោះត្រីដែលសម្បូរហូរហៀររហូតដល់សព្វថ្ងៃនេះជាពិសេសនៅក្នុងបឹងទន្លេសាប (ក្បែរក្រុងអង្គរតែម្តង) ដែលសន្មត់ថាជាអាហារដ៏សំខាន់ជាងគេរបស់ប្រជាជនខ្មែរនៅជំនាន់នោះ(ក៏ដូចសព្វថ្ងៃដែរ)បន្ទាប់ពីស្រូវ។
៥.២ វិស័យពាណិជ្ជកម្ម
ជំនួយតាមផ្លូវទឹកនៅតែមានសកម្មភាពមមាញឹកដដែលគ្រាន់តែប្លែកពីសម័យ នគរភ្នំត្រង់ចំណុចដែលថាសម័យនោះគេចូលចិត្តធ្វើជំនួយជាមួយបរទេសតាមសមុទ្រ។ ម្តងនេះសកម្មភាពជំនួញច្រើនតែធ្វើនៅតាមផ្លូវទឹកក្នុងប្រទេស។ ក្រៅពីបឹងបួរ និងស្ទឹងដែលមានច្រើនរួចមកហើយ ខ្មែរយើងបានជីកព្រែក ប្រឡាយជាច្រើនទៀតដែលទូកជំនួយតូចធំអាចធ្វើដំណើរឆ្លងកាត់ចុះឡើងរហូតដល់កំពែងបូរីអង្គរធំ។ លោកប៊ែរណាគ្រោពីយេបានសរសេរថា នាវាសមុទ្រធំៗ អាចឡើងតាមទន្លេមេគង្គឆ្លងកាត់បឹងទន្លេសាប ហើយឡើងរហូតដល់មាត់ច្រាំងនៅក្បែរតំបន់អង្គរ។
ដូច្នេះហើយក្រុងអង្គរស្ថិតនៅលើទីប្រជុំជន ចរន្តពាណិជ្ជកម្មក្រៅស្រុកដោយសារតែបណ្តាញផ្លូវគោក និងផ្លូវទឹកទាំងឡាយ។
៥.៣ វិស័យសិប្បកម្ម
ចំពោះវិស័យសិប្បកម្មរីកចំរើនលូតលាស់បានល្អយើងសន្មត់ថាជាការអភិវឌ្ឍន ថែមទៀតដែលចេញពីសិប្បកម្មនៅសម័យហ្វូណន និងចេនឡា ព្រោះខ្មែរសម័យយនោះចេះធ្វើប្រដាប់ប្រដាប្រើប្រាស់ប្រកបដោយបច្ចេកទេសជឿនលឿនរួចហើយ។ ហើយគេនៅតែបន្តការធ្វើបានធ្វើ ចានក្បាន ក្អមឆ្នាំង និងតំបាញ ដើម្បីបំពេញតម្រូវការចាំបាច់ក្នុជីវភាព។ ចំពោះគ្រឿងអលង្ការប្រជារាស្រ្តខ្មែរមានការប៉ិប្រសប់និងមានទេពកោសល្យខ្ពស់។គេចេះធ្វើចិញ្ចៀន កងដៃ កងជើង កាវ រយ៉ាង មួក ប្រអប់ប្រាក់ ឬស្ពាន់-ល-។
ក្រៅពីនេះរបរជាងឈើ ក៏មានការលូតលាស់គួរឲ្យកោតសរសើរ។ ប្រជារាស្រ្តខ្មែរជាជាងឈើដ៏ចំណាន ។ គេចេះធ្វើរទេះគោ ទូក ដែលជាមធ្យាបាយក្នុងការដឹកជញ្ជូន និង ទំនាក់ទំនងគ្នាពីភូមិមួយ ហើយក៏ជាមធ្យាបាយដ៏សំខាន់ក្នុងការធ្វើសង្រ្គាមផងដែរ។
៥.៤ ជំនួញ និងទីផ្សារ
យោងទៅតាមរូបចំលាក់នៅលើជញ្ជាំងប្រាសាទបាយ័នបានបង្ហាញអំពីទីផ្សារប្រកបដោយមនុស្សអ៊ូអរ មាន ចាន តុតូចៗ កញ្ជើ អ្នកលក់ដូរ ច្រើនតែស្រីៗ។ ដូចលោកជីវតាក្វាន់បាននិយាយថាខ្មែរមានភាពប៉ិនប្រសប់យ៉ាងខ្លាំង ក្នុងរឿងជំនួយប្រែនេះ។ តាំងពីព្រលឹមទល់ថ្ងៃត្រង់គេលក់ដូរ គេជជែកតថ្លៃអ៊ូរអរ ដើរចុះដើរឡើងតាមចន្លោះគំនរបន្លែ ផ្លែឈើគ្រប់ប្រភេទដូចជា ត្រប់ ត្រឡាច ល្ពៅ ម្ទេស ខ្ទឹម ចេក ក្រូច -ល-។បន្លែ សាច់ ត្រីសព្វយ៉ាងដាក់់ក្នុងល្អី កញ្ចើ ខ្លះដាក់លើកន្ទេលក្រាលផ្ទាល់លើដី។ ក្រៅពីបន្លែផ្លែឈើ និងសាច់ត្រីគេឃើញមាន លក់ស្រូវ អង្ករ ក្រណាត់ល្អៗ មកពីស្រុកចិន ស្រុកសៀម និង ស្រុកចាម ព្រមទាំងថ្នាំសង្កូវគ្រប់យ៉ាងទៀងផង។ដើម្បីមានសិទ្ធិលក់ដូរនៅទីនោះ
គេតែងបង់ពន្ធជូនរាជការដូចសម័យឥលូវដែរ។ ខ្មែរយើងនៅសម័យអង្គរក៏បានធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយបរទេសផងដែរ។ ដែលនាំចូលមាន មាស ក្រណាត់ សំពត់ច្រើនពណ៍ សំណថាំង តែ ថូផ្កាលាបពណ៍-ល-។
៦.សិល្ប៍: និងវប្បធម៌
៦.១.ស្ថាបត្យកម្ម
ក.រចនាបថនៃប្រាសាទ
នៅក្នុងរចនាបថប្រាសាទបុរាណខ្មែរយើង យើងឃើញមានរចនាបថរហូតទៅដល់១៤រចនាបថ ក្នុងនោះមាន៤រចនាបថដំបូងឋិតនៅក្នុងសម័យនគរភ្នំ និងចេនឡា រីឯ៩រចនាបថទៀតឋិតនៅសម័យអង្គរ។ រចនាបថប្រសាទទាំងនោះមាន :
១.រចនាបថភ្នំដា: ចោះភ្នំធ្វើជាប្រាសាទ (ស.វទី១-៦)។
២.រចនាបថសម្បូរ: ប្រាសាទសង់ដាច់ៗពីគ្នារាងតូចៗ ធ្វើអំពីឥដ្ឋ។ ចំនែក ទ្វារ
បង្អួច ផ្តែរ និងសរសរពេជ្យធ្វើអំពីថ្មភក់ (ពាក់កណ្តាលទី១នៃស.វទី៧)។
៣.រចនាបថព្រៃក្មេង: មានលក្ខណ:ស្រដៀង និងរចនាបថសម្បូរដែរ (ពាក់កណ្តាល
ទី២ នៃស.វទី៧)។
៤.រចនាបថកំពង់ព្រះ: ប្រាសាទភាគច្រើនសង់រាប និងដី។ លើកលែងតែប្រាសាទអកយំមួយដែលសង់ច្រើនជាន់ (ស.វទី៨)។
៥.រចនាបថគូលែន: ប្រាសាទសង់អំពីឥដ្ឋនៅលើភ្នំ(ប្រាសាទភ្នំ) តម្រូវតាមលទ្ធិទេវរាជ។ មានការរីកចម្រើន (ពាក់កណ្តាលទី១ នៃស.វទី៩)។
៦.រចនាបថព្រះគោ: ប្រាសាទសង់អំពីឥដ្ឋមានប្រាង្គច្រើននៅលើខឿនតែមួយ
ឧទ្ទិសដល់ព្រះមាតាបិតា ជាដើម (១ភាគ៤ចុងក្រោយ នៃស.វទី៩)។
៧.រចនាបថបាខែង: ប្រាសាទមានលក្ខណ:ធំៗ ធ្វើអំពីថ្មភក់មានច្រើនជាន់នៅលើខឿនខ្ពស់មានរាងជាសាជី ហើយពិសេសគេនិយមសាងប្រសាទនៅលើកំពូលភ្នំ (ចុងស.វទី៩ និងដើមស.វទី១០)។
៨.រចនាបថកោះកេរ: មានលក្ខណ:ដូចសម័យមុនដែរ តែគេសង្កេតឃើញប្រាសាទមួយចំនួនសង់នៅលើខឿន៧ជាន់ មានកំពស់ប្រហែល៣៥ម៉ែត្រ (ស.វទី១០)។
៩.រចនាបទប្រែរូប : ទទួលឥទ្ធិពលសិវនិយម សំណង់ស្ថាបត្យកម្មអនុវត្ត តាមរបៀបចាស់ទាំងសំភារ: សំណង់ការតុបតែងលំអរមានការវិលរកអតីតកាល។ (ពាក់ កណ្តាលទី១ នៃស.វទី១០)។
១០.រចនាបថបន្ទាយស្រី: ប្រាសាទមានលក្ខណ:ស្មុកស្មាញច្របូកច្របល់ រប៉ុន្តែមានការរីកលូតលាស់ព្រោះមានបន្ទប់វែងៗ (ពាក់កណ្តាលទី២ នៃស.វទី១០)។
១១.រចនាបថឃ្លាំង: គេឈប់សង់ប្រាសាទអំពីឥដ្ឋ ហើយគេសង្កេតឃើញសំណង់ប្រាសាទភ្នំ និងកំណើតថែវកាន់តេមានការរីកចំរើន (ចុងស.វទី១០ និងពាក់កណ្តាលទី១ នៃស.វទី១១)។
១២.រចនាបថបាពួន: ប្រាសាទភ្នំកាន់តែរីកចម្រើន ហើយកេសង់លើខឿនច្រើនជាន់កាន់តែធំនិងកាន់តែខ្ពស់ (ពាក់កណ្តាលទី២ នៃស.វទី១២)។
១៣.រចនាបថអង្គរវត្ត: ស្ថាបត្យកម្មខ្មែរបានរីកចម្រើនដល់កំពូល ព្រោះគេបានសង់ប្រាសទអង្គរវត្តអំពីថ្មភក់ (តួប្រាសាទទាំងមូល)។ មុននិងគេសាងប្រាសាទអង្គរនេះស្ថាបត្យករខ្មែរបានសាកល្បងសាងប្រាសទបឹងមាលាដែលមានប្លង់ដូចប្រសាទអង្គរដែរ តែប្រាសាទបឹងមាលាសង់នៅលើដីរាបស្មើ (ពាក់កណ្តាលទី១នៃស.វទី១២)។
១៤.រចនាបថបាយ័ន: ស្ថាបត្យកម្មចុះអន់ថយបន្តិច ហើយប្រាសាទទាំងឡាយសង់ប្រញាប់ពេកថ្មក៏ពុំសូវមានគុណភាពដូចសម័យមុនដែរ។ ប្រាសាទសង់នៅលើដីរាបស្មើលើកលែងតែប្រាសាទបាយ័ន ព្រោះស្របទៅតាមទស្សន:ព្រះពុទ្ធសាសនា ហើយលក្ខណ:ពិសេសនៃរចនាបថនេះគឺប្រាង្គមុខបួន ញញឹម និងមាននាគអម
សងខាងផ្លូវទៅកាន់ប្រាសាទ (ពាក់កណ្តាលទី២ នៃស.វទី១២ និងស.វទី១៣)។
ខ.សំណង់ប្រាសាទ
នៅក្នុងសម័យអង្គរគេឃើញមានប្រភេទប្រាសាទនានាមានសណ្ឋានប្លែកៗពីគ្នាក្នុងនោះមាន:
_ប្រាសាទដែលមានប្រាង្គតែមួយហើយសង់ដាច់តែឯង (ប្រាសាទភ្នំបាយង់...)
_ប្រាសាទដែលមានប្រាង្គច្រើននៅលើខឿនតែមួយ (ប្រាសទលលៃ ព្រះគោ...)
_ប្រាសាទដែលសង់នៅលើដីរាបស្មើ (ប្រាសាទព្រហខ័ន...)
_ប្រាសាទភ្នំ ចែកចេញជាពីរគឺ ប្រាសាទដែលសង់លើភ្នំធម្មជាតិ និងប្រាសាទដែលសង់នៅលើដីមានខឿនច្រើនជាន់។ គេសង់ប្រាសទភ្នំ ដើម្បីតំណាងឲ្យភ្នំព្រះសុមេរុដែលជាឋាននៃអាទិទេពឥសូរ (ប្រាសាទបាខែង អង្គរវត្ត...)។
គ.រចនាសម្ព័នប្រាសាទ
_ជញ្ជាំង: ធ្វើអំពីរឥដ្ឋ ថ្ម បាយក្រៀម និងថ្មភក់ ហើយគេតម្រៀបដុំថ្មដែលបានត្រដុសរំលីង ដោយដាក់បន្តុបលើគ្នា តាមបណ្តោយដុំថ្ម និងឆ្លាស់គ្នាក្នុងជួរ។
_ដំបូល: ជួនកាលគេយកឥដ្ឋ ជួនកាលគេយកថ្មភក់ដើម្បីសង់ដំបូល។ គេធ្វើដំបូលដោយរៀបផ្ទាំងថ្ម ឬឥដ្ឋឲ្យលេចចេញពីគ្នាបន្តិចម្តងៗ រហូតជូបគ្នាដល់ដំបូលលើប្លង់។
_ទ្វារ និងបង្អួច: ទ្វារប្រាសាទធ្វើអំពីថ្មភក់ ឯបង្អួចជួនកាលមានរាងការ៉េ ហើយជួនកាលមានរាងចតុកោណកែង ដោយមានចំរឹងធ្វើអំពីថ្មភក់ដាក់បញ្ឈតាមបង្អួច។ នៅតាមជញ្ជាំងប្រាសាទខ្លះគេបានធ្វើទ្វារ និងបង្អួចបញ្ឆោត។
_ផ្តែរ: មានទំហំធំ និងទំងន់ធ្ងន់ដែលទ្រដោយសរសរពេជ្យ។ ជាធម្មតាគេធ្វើផ្តែរពីជាន់ ហើយផ្តែរទីមួយ ជាផ្ទាំងថ្មធម្មតា ចំណែកឯផ្តែរទីពី ជាផ្ទាំងថ្មដែលគេរចនាដោយក្បូរក្បាច់ និងរូបផ្សេងៗដែលទាក់ទងទៅនឹងសាសនា។
_សរសរ: មានពីរគឺ សរសរពេជ្យ(អមសងខាងទ្វារដើម្បីទ្រផ្តែរ មានរាងជ្រុង មូល
មានក្បាច់ផ្សេងៗ) និងសរសរបញ្ឆោត(គេសង់នៅជ្រុងប្រាសាទមើលទៅហាក់បីដូចជាសរសរតែការពិតគ្រាន់តែជាជញ្ជាំងធម្មតាប៉ុណ្ណោះ)។
_ហោជាង: គឺជាផ្នែកមួយឋិតនៅលើផ្តែរ ធ្វើអំពីឥដ្ឋតំរៀបពីលើគ្នា ជួនកាលជាថ្មភក់ដាក់តំរៀបបន្តលើគ្នាយ៉ាងជិតល្អ។ នៅលើហោជាងមានឆ្លាក់លំអរផ្សេងៗជាពិសេសក្បាច់រឿង។
ឃ.ចម្លាក់
នៅតាមបណ្តាលប្រាសាទនានា បុព្វបុរសយើងបានបន្សល់ទុកនៅក្បាច់ចម្លាក់ផ្សេងៗ ជាទូទៅក៏ដូចជានៅសម័យអង្គរយើងបានឃើញថាចម្លាក់បូរាណខ្មែរមានបីប្រភេទគឺ:
១.ចម្លាក់លិប: គឺជាក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងថ្មលូកចូលទៅក្នុងផ្ទៃថ្មមើលទៅមិនសូវឃើញខ្ពស់ ឬផុសចេញខ្លាំងពីផ្ទៃថ្ម ហើយគេច្រើនធ្វើក្បាច់បែបនេះនៅតាមជញ្ជាំងប្រាសាទ។ ឧ. ក្បាច់លិបជារឿងដែលគេឆ្លាក់នៅតាមថែវនៅជាន់ទីមួយនៃប្រាសាទអង្គរវត្ត
២.ចម្លាក់លៀន: គឺជាក្បាច់ដែលឆ្លាក់លៀនចេញខ្ពស់ពីផ្ទៃថ្ម ព្រោះគេដាប់សាច់ថ្មឲ្យជ្រៅ មើលទៅរូបចម្លាក់ដូចជាផុសចេញពីផ្ទៃថ្ម។ គេនិយមធ្វើចម្លាក់នេះនៅលើផ្តែរ លើសរសរពេជ្យ លើជញ្ជាំង (ដូចជារុបអប្សារាជាដើម)។
៣.ចម្លាក់លោត: គឺជាក្បាច់ដែលគេឆ្លាក់លោតចេញផុសពីផ្ទៃថ្ម ដូចជាឆ្លាក់រូបសត្វ ឬមនុស្ស ពុំមែននៅលើជញ្ចាំងទេ គឺដាច់ចេញពីជញ្ជាំងប៉ុន្តែផ្អែកជាប់និងជញ្ជាំងដោយទំរ ព្រោះខ្លាចរលំដួល។ លុះក្រោយមកទៀតគេឆ្លាក់រូបបដិមាដាច់តែឯងដោយមិនចាំបាច់ទំរ ដូចមុនទៀតទេ។
៦.២សិល្ប:
នៅក្នុងពិធីសក្ការ:បូជាចំពោះអាទិទេពក៏ដូចជាពិធិផ្សេងៗក្នុងព្រះបរមរាជវាំងដែល
ភ្លេង របាំ បានផ្តល់បរិយាកាស រន្ធត់ និងរំភើប។ យើងឃើញរូបអប្សារាកំពុងរាំយ៉ាងរស់រវើកនៅតាមជញ្ជាំងប្រាសាទនានា។ យើងឮគេនិយាយអំពីឧបករណ៍ភ្លេងដែលខ្មែរយើងចេះប្រើ តាំងពីរាប់ពាន់ឆ្នាំមកណាស់មកហើយមាន ស្គរ គង រនាត ទ្រ ចាប៉ី ឃឹម ...។តូយ៉ាងដែលមានភ័ស្តុតាងស្រាប់ដូចជានៅតាមជញ្ចាំងប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទព្រះវិហារ។ ដែលបានបង្ហាញយ៉ាងច្បាស់ថាខ្មែរចេះប្រើប្រាស់ឧបករណ៍ភ្លេងមិនត្រឹមតែនៅសម័យអង្គរប៉ុណ្ណោះទេ តែមានតាំងពីសម័យនគរភ្នំមកម៉្លេះ។
ក្នុងចំណោមរបាំទាំងអស់ដែលមាននៅសម័យអង្គរយើងខ្ញុំសូមលើកយកប្រភេទរបាំមួយមកបរិយាយនោះគឺ ៖
ក.របាំត្រុដិ: របាំត្រុដិគឺជារបាំប្រជាប្រិយ ដែលគេនិយមលេងនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីផ្តាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី និងដើម្បីប្រសិទ្ធិពរសព្ទសាធុការជូនដល់អ្នកស្រុកក្នុងឱកាសចូលឆ្នាំថ្មីនោះផង។ ម៉្យាងទៀតតាមទំលាប់អ្នកស្រុក គេលេងរបាំនេះនៅក្នុងពិធីបន់ស្រន់សុំទឹកភ្លៀង។
ប្រវត្តិនៃរបាំត្រុដិ: តាមការស្រាវជ្រាវរបស់លោក មាស ហាំម បានឲ្យដឹងថារបាំត្រុដិនេះមានកំណើតពីជនជាតិសំរ៉ែ ព្រោះជនជាតិនេះធ្លាប់នាំយករបាំនេះទៅលេងថ្វាយព្រះពរ ដល់ព្រះរាជាខ្មែរនៅសម័យអង្គររៀងរាល់ពេលចូលឆ្នាំខ្មែរ។ តាមទស្សន:លោក ឡុង សាន់ ថាអ្នកស្រុកជិត ឆ្ងាយតែងតែមានសត្វព្រៃចូលស្រុក ហើយគេតែងមានជំនឿថា និងកើតនៅឧបទ្រុពចង្រៃណាមួយមិនខាន។ ដូច្នេះគេក៏នាំគ្នាប្រោះព្រំប្រេងម្សៅឲ្យសត្វនោះ ហើយសុំពរជ័យពីសត្វនោះវិញ។ ដោយមានជំនឿបែបនេះហើយទើបគេបង្កើតរបាំត្រុដិនេះឡើង ដែលតម្រូវឲ្យមានសត្វប្រើស ទន្សោង ក្ងោក មកបង្ហាញឲ្យអ្នកស្រុកប្រោះព្រំប្រេងម្សៅ ចងដៃអំបោះ កំរងផ្កា ឬឲ្យទានជាលុយកាក់ជាដើម។ ម្យ៉ាងទៀតបើទាក់ទងទៅនឹងព្រះពុទ្ធសាសនា កាលដែលព្រះពុទ្ធទ្រង់យាងទៅសាងផ្នួសស្រាប់តែមានមាតំណែងខ្លួនជាប្រើសមករាំងស្ទាក់ផ្លូវព្រះអង្គកុំឲ្យយាងទៅមុខបាន។ នៅពេលនោះព្រះអង្គបានតាំងសមាធិ
ក៏ក្តៅក្រហាយដល់ទេវតា ហើយទេវតាទាំងឡាយក៏ចុះមកតំណែងភេទជាងោះលបបាញ់ប្រើសភ្លែងភេទនោះស្លាប់បាត់ទៅ។ ចាប់ពីនោះមកគេក៏បង្កើតឲ្យមានរបាំត្រុដិនេះឡើងដែរមាន ៖
_ដងកញ្ជ តំណាងឆ័ត្រឬក្លស់បាំងព្រះពោធិសត្វ
_ពួកភ្លេងតំណាងទេវតា
_ពួកអ្នករាំ តំណាងទេវតា
_ប្រើស ទន្សោង តំណាងមា
_ព្រាន មនុស្សព្រៃ តំណាងងោះ
របាំត្រុដិនេះដែលនិយមយកកន្ទុយក្ងោកមកពាក់សំដែងព្រោះជនជាតិអាស៊ីយើងនិយមចាត់ទុកសត្វនេះជាតំណាងព្រះអាទិត្យដែលជំនឿជំនាន់ដើមចាត់ទុកជាអាទិទេពមួយដែរសំរាប់បន់ស្រន់សុំទឹកភ្លៀង។
ឧបករណ៍សំដែង មាន: តួរសំដែង មាន:
_ដងកញ្ជ _អ្នកកាន់ដងកញ្ជ
_ចង្រ្កងដំបែរ _ពួកភ្លេង
_ចង្រ្កងរ៉ូង _ប្រើស ទន្សោង
_ស្គដី ទ្រអ៊ូរ និងទ្រសោរ _អ្នកពាក់មុខត្លុក
_មុខត្លុក _អ្នកពាក់ក្រចក
_ម្កុដ *សំគាល់:តួសំដែងក្នុងរបាំត្រុដិជាមធ្យមមានចំនួន
_ស្នែងប្រើស ២៥នាក់។
_ក្រចក
របៀបសំដែង ដំបូងតួសំដែងទាំងអស់ត្រូវបន្ទន់កាយរំលឹកគុណគ្រូ។ មនុស្សព្រៃទាំងអស់ចេញមកមានកិរិយាមិននឹងធឹង រត់ឆ្លេរឆ្លារឆ្វេងស្តាំ រត់ទៅរត់មកចេញពីក្រៅវង់
ហើយច្រើនរត់ទៅមុខគេ។ ដងខ្លួនងេកងោកតាមចង្វាក់ស្គរដៃ គ្រាន់តែពត់បន្តិចមិនចេញជារាំទេ។ តួព្រានស្លៀកស្លឹកចេកច្រៀកព័ទ្ធចង្កេះ។ អ្នកពាក់ស្នែង (ប្រើស ទន្សោង) ចាក់ក្បាច់ប្រហែលនឹងព្រានព្រៃ ហើយដៃទាំងពីរជួនកាន់ស្នែងជួនលូកទៅមុខទំនងធ្វើជាជើងម្រឹកដើរឈានបង្កោងខ្លួន។ គេរាំលោតៗ តាមចង្វាក់ស្គរផ្អៀងផ្អងដូចម្រឹកផ្អើលម្តងៗ យូរៗប្រើស និងទន្សោងធ្វើជារត់ចេញទៅក្រៅវង់ម្តងៗដែរ។ តួឯក និងតួនាង(ច្រើនជានារី) តួឯកពីរ ស្លៀកចងក្បិនពណ៌បៃតង ពាក់អាវពណ៌បៃតង ពាក់ម្កុដ និងពាក់សង្វារ ដៃកាន់កន្ទុយ ក្ងោក។ តួនាងពីរនាក់ទៀតមានក្បាច់ទន់ភ្លន់ជាងគេ ដោយមានឬកជានារីក្រមុំអែនអន។
អ្នកពាក់ក្រចក និងអ្នកកាន់គ្រឿងភ្លេងជាតួបន្ទាប់បន្សំ អ្នកពាក់ក្រចកជួនច្រៀងនិងឲ្យចង្វាក់ ជាមួយស្គរផង ដោយផ្ទាត់ក្រចកឲ្យឮសូរផស់ៗ ហើយងេកងោកខ្លួនតាមចង្វាក់។ អ្នកកាន់គ្រឿងភ្លេង ពិសេសអ្នកបុកដងកញ្ជ និងអ្នកកាន់ចង្រ្កងតំបែរជួយចង្វាក់ស្គរ និងកញ្ជ។
៦.៣ វប្បធម៌
ក.សាសនា
បញ្ហាសាសនាមានតួនាទីយ៉ាងសំខាន់ណាស់ផ្នែកនយោបាយនៅសម័យអង្គរ។ ដើមឡើយបុព្វបុរសយើងមានជំនឿលើដូនតា និងអារក្សទេវតា។ តែក្រោយមកជាមួយនឹងការធ្វើសក្ការ: គោរពបូជាដល់ដូនតា ប្រជារាស្រ្តយើងក៏ទទួលឥទ្ធិពលសាសនា ដែលពួកឥណ្ឌាបាននាំចូលមក គឺព្រាហ្មញ្ញសាសនា និងពុទ្ធសាសនា។ សាសនាទាំងពីរនេះ មានអតិ្ថភាពស្របគ្នា និងជួនកាលសាសនាមួយមានប្រៀបជាងសាសនាមួយទៀតទៅតាមរជ្ជកាលនីមួយៗ។ ដូចជា ព្រះរាជាខ្លះកាន់សាសនាព្រះឥសូរ ខ្លះគោរពព្រះវិស្ណុ និងខ្លះទៀតគោរពព្រះពុទ្ធសាសនា។
_ពីស.វទី៩-១១ គណ:សាសនាសិវ:មានឧត្តមភាពលើគណ:ឯទៀតៗ ព្រោះ
ព្រះរាជាភាគច្រើនបានចាត់ទុកជាសាសនារបស់រដ្ឋ គឺដោយសារការគោរពធ្វើពិធីទេវរាជ (ព្រះរាជាមានឋាន:ស្មើអាទិទេព) «ព្រះឥសូរ»។ ហើយមានសិវ:លិង្គជាតំណាងដែលតំកល់ទុកក្នុងប្រាសាទភ្នំ។
_ពីស.វទី១២ គណ:វិស្ណុនិយមត្រូវបានព្រះបាទសូរ្យវរ្ម័នទី២ គោរពរាប់អានយ៉ាងសម្បើម ដូចមានប្រាសាទអង្គរវត្ត ជាតឹកតាងស្រាប់។ អង្គរវត្តមានទ្រង់ទ្រាយជាប្រាសាទភ្នំប៉ុន្តែសំរាប់តំកល់ព្រះវិស្ណុបដិមាទៅវិញ រីឯក្បាច់រចនាគឺសុទ្ធតែធ្វើឡើងតាមបែបវិស្ណុនិយម ទាំងអស់ ដូចជាចម្លាក់រឿងរាមកេរិ៍ មហាភារត: និងរឿងកូរសមុទ្រទឹកដោះ។
_ចំពោះព្រះពុទ្ធសាសនាមហាយានវិញ ត្រូវបានព្រះបាទសូរ្យវរ្ម័នទី១ ប្រារព្ធរួចម្តងហើយនៅស.វទី១១ ហើយត្រូវបានព្រះរាជាលើកតម្កើងជាសាសនារបស់រដ្ឋនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នមានទ្រង់ទ្រាយជាប្រាសាទភ្នំដែលឋិតនៅចំកណ្តាលរាជធានីអង្គរ ប៉ុន្តែគេដាក់តាំងរូបព្រះពុទ្ធបដិមានៅចំកណ្តាលប្រាសាទទៅវិញ។
ក្រៅពីនេះគេនៅឃើញមានព្រះបដិមាព្រះហរិហរ:ជាការរួមបញ្ចូលគ្នារវាងព្រះសិវ:និងព្រះវិស្ណុ។
ខ.ប្រពៃណី
នៅក្នុងសង្គមប្រពៃណីកម្ពុជាសឹងតែគ្រប់សម័យកាលគឺមានលក្ខណ:ស្រដៀងគ្នា ទោះបីជាប្រពៃណី រៀបអាពាហ៍ពិពាហ៍ បុណ្យជាតិ-សាសនាផ្សេងៗក៏ដោយ។ គ្រាន់តែខុសគ្នាត្រង់ការអភិវឌ្ឍ និងការប្រែប្រួលទៅតាមបែបផែននៃសង្គមប៉ុណ្ណោះ។ នៅពេលនេះយើងខ្ញុំសូមបង្ហាញនូវប្រពៃណីមួយនៅសម័យអង្គរ ដែលជាទំនៀមទំលាប់មួយក្នុងចំណោមទំនៀមទលាប់នានានៅក្នុងសម័យអង្គរ។
បើតាមកំណត់ហេតុរបស់លោកជីវតាក្វាន់ ដែលបានមកដល់អង្គរនៅឆ្នាំ១២៩៦បានកត់ត្រាអំពីបញ្ហាផ្សេងៗនៅក្នុងសង្គមខ្មែរពេលនោះថា នៅពេលក្មេងស្រីឋិតនៅអាយុ១១-១៤ឆ្នាំ ត្រូវធ្វើពិធីសំខាន់មួយ ដែលតម្រូវឲ្យចូលទៅក្នុងបុស្បុកបិទជិតមួយ ដោយគេនិមន្តព្រះសង្ឃមួយអង្គចូលទៅអង្គុយមុនចាំនៅក្នុងនោះរួចជាស្រេច។ នោះជាពិធីចម្លងវ័យម៉្យាងសម្រាប់កូនស្រី បើមិនបានធ្វើពិធីនេះទេ កូនស្រីមិនអាចត្រូវរៀបឲ្យមានគូស្រករបានទេនៅថ្ងៃក្រោយ។ ជីវតាក្វាន់បានព្រលយពាក្យសម្តីតាមពួកចិនដែលមកស្រុកខ្មែរមុនគាត់ថា ប្រហែលជាក្មេងស្រីទាំងនោះ ត្រូវបញ្ចូនចូលទៅឲ្យលោកសង្ឃរួមរ័ក្សផង។ ប៉ុន្តែតាមពិតនោះជាប្រពៃណីមួយដែលខ្មែរ និយមធ្វើតាមឥណ្ឌា ដោយក្នុងពិធីនោះ ត្រូវនាំកូនស្រីជំទើរបស់ខ្លួនទៅឲ្យលោកសង្ឃយកចង្អុលដៃលូកចាប់ទម្លាយព្រហ្មចារីយ៍ ហើយយកឈាមដែលប្រលាក់ជាប់ចង្អុលដៃនោះមកគូសនៅត្រង់ចន្លោះជញ្ចើមអូសឡើងទៅលើថ្ងាសឲ្យនាងនោះ ជួនកាលលោកសង្ឃនោះត្រូវគូសទាំងនៅលើថ្ងាសម្តាយនាងផងដែរ។
នេះជាប្រពៃណីដែលគេជឿថា នាងសាមីខ្លួន និងម្តាយទទួលបាននូវបុណ្យមង្គល និងសិរីសួរស្តី។
៧.ការអប់រំ និងវេជ្ជសាស្ត្រ
ក.ការអប់រំ
របៀបកត់ត្រានៅសម័យអង្គរ គឺគេសរសេរនៅលើថ្ម ឬនៅលើស្បែកសត្វតែការសរសេរនៅលើស្បែកសត្វ ពុំមានសេសសល់រហូតមកដល់សព្វថ្ងៃនេះទេ។ ក្នុងការកត់ត្រាលើផ្ទាំងថ្ម«សិលាចារឹក»គេនិយមប្រើភាសាសំស្រ្តឹត ភាសាខ្មែរបុរាណ និងភាសាបាលី។ សិលា
ចារឹកភាសាបាលីដំបូងបំផុត គឺរាជ្យស្តេចស្រីឥន្រ្ទវរ្ម័ន គ.ស១២៩៦។ ភាសាសឹស្រ្តឹតជាភាសាអ្នកប្រាជ្ញ ធ្វើការកត់ត្រាព្រះរាជវង្សានុវង្ស ឬព្រះមហាក្សត្រ និងតែងសេចក្តីសរសើរដល់ក្សត្រដែលកសាងប្រាសាទ ឬអស់លោកដែលមានសទ្ធាជ្រះថ្លាធ្វើអំណោយទាន។ តាមសិលាចារឹកខ្មែរបុរាណសម្រាប់កត់ត្រា រាយរឿងកសាង និងសេចក្តីរៀបរាប់របស់ពួកមនុស្សបម្រើនិងគ្រឿងប្រដាប់ប្រដារដែលវេថ្វាយព្រះវិហារ។ នៅសម័យអង្គរគេឃើញមានសាកលវិទ្យាល័យ និងមហាវិទ្យាល័យ ដែលជាថ្នាល់សម្រាប់បណ្តុះបណ្តាលការចេះដឹងសព្វសារពើ។ យោងតាមទំហំប្រាសាទ និងក្បាច់ចម្លាក់ទាំងឡាយឃើញថា សម្បូរស្ថាបត្យករ វិស្វករ ជាង និង សិល្បករជាដើម។ ជាមួយគ្នានេះប្រាកដជាមានអ្នកចេះដឹងមុខវិជ្ជា បន្ទាប់បន្សំជាចាំបាច់ដ៏ទៃទៀតជាច្រើន នៅក្នុងមជ្ឈដ្ឋានប្រជារាស្រ្ត ដូចជាគណិតវិទ្យា និងតារាវិទ្យាជាដើម។ ដូច្នេះដើម្បីផ្ទេរចំណេះដឹងពីជំនាន់មួយ ទៅជំនាន់មួយទៀតលុះត្រាតែមានការអប់រំបង្ហាត់បង្រៀនគ្នា បានន័យថា តែងតែមានរោងជាង ឬសាលាតាមបែបណាមួយមិនខាន។ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ វត្តយសោធរាស្រមជាទីប្រជុំនិសិ្សតបរទេស ។ តួយ៉ាងនៅក្នុសម័យបាយ័ន មានបដិមាជាច្រើន បង្ហាញលក្ខណ:ប្រហាក់ប្រហែលគ្នា ជាហេតុនាំឲ្យគេសន្មត់ថា ចេញពីរោងជាងតែមួយ ឬសាលាតែមួយ។ ម៉្យាងទៀតគូរចាប់អារម្មណ៍ដល់សិលាចារឹកទាំងឡាយនៅសម័យនោះដែលរមែងតែអួតសរសើរគុណសម្បត្តិខាងផ្លូវបញ្ញា និងផ្លូវសីលធម៌របស់តួអង្គនានា មិនថាប្រុសស្រី មិនថាស្តេច ឬរាស្ត្រឡើយ ហើយទាំងនេះសឲ្យឃើញច្បាស់ថា គេចេះឲ្យតម្លៃទៅលើចិត្តគំនិតច្រើនជាងទៅលើបុណ្យសក្កិ និងសំភារ:។ នេះជាគោលការណ៍អប់រំនៅសម័យអង្គរ។
ខ.អក្សរ
អក្សរគឺជាកំរងសញ្ញាដែលទាក់ទងគ្នាជាក្បួនដែលស្ថិតលើគោការណ៍ និងមូលដា្ឋនសំខាន់ៗ។ យ៉ាងណាមិញអក្សរខ្មែរក៏យ៉ាងនោះដែរ ពោលគឺនិយមស្រ: និងព្យញ្ជន:។ ខ្មែរបានបង្កើតអក្សរចាប់តាំងសម័យនគរភ្នំមកម៉្លេះ។ ប៉ុន្តែអក្សរដែលយើងប្រើសព្វថ្ងៃនេះ ត្រូវបានគេកែទំរង់ទ្រង់ទ្រាយធំៗ ចំនួន១០ដងមកហើយ។ យើងនឹងបញ្ជាក់ទំរង់អក្សរខ្មែរតាមសម័យកាលពិសេស សម័យអង្គរ:
_ព្យញ្ជន:មុនសម័យអង្គរ មានរាងគ្រោតគ្រាត មិនស្មើមិនសម សក់ខ្លីជើងខ្លី ហើយមានចំនួនតិច។
_ព្យញ្ជន:នៅសម័យអង្គរ មានរាងសង្ហា មានសក់ជាក្បាច់ សក្តិសមរវាងសក់ និងជើង។
_ព្យញ្ជន:សម័យក្រោយអង្គរ មានរាងទ្រេតសក់ និងជើងវែងៗ។ ហើយគេកាន់តែប្រើប្រាស់ជាទូទៅ។
គ.កំណាព្យ
នៅសម័យអង្គរគេឃើញមានការកកើតនូវកំណាព្យ ចំនួន៥ មាន: បទព្រហ្មគិត បទកាគតិ បទពំនោល បទបន្ទោលកាក និង បទភុជង្គលីលា។
ឃ.ប្រតិទិន
ដូចដែលបាននិយាយរួចមកហើយថាទំនងជានៅសម័យអង្គរមានអ្នកតារាសាស្រ្ត គណិតវិទ្យាជាដើម ទើបយើងឃើញមានការប្រើប្រាស់ប្រតិទិននាសម័យនោះ។ នៅសម័យគេប្រើប្រាស់ ប្រតិទិនមហាសករាជ(សករាជធំ) និងចុល្លសករាជ(សករាជតូច)។
ង.វេជ្ជសាស្រ្ត
ប្រជាជនមានចំណេះដឹង និងបទពិសោធន៍ក្នុងវិស័យសង្គមកិច្ចជាយូរណាស់មកហើយ។ គ្រូព្យាបាលជម្ងឺ ស្គាល់ច្បាស់លាស់ណាស់ពីលក្ខណ:រោគជាសាវន្ត និងជម្ងឺមួយចំនួនធំ ហើយព្យាបាលជម្ងឹទាំងនោះបានជាសះស្បើយ ដោយប្រើថ្នាំសង្កូវផ្សំពីរុក្ខជាតិ
ដែលមាននៅក្នុងស្រុក។ ចំពោះស្រ្តីជាម្តាយទាំងឡាយណា ក្រោយពីឆ្លងទន្លេរួចបានតែប៉ុន្មានម៉ោង អាចដើរទៅមុជទឹកស្ទឹង ឬដងទឹកពីស្ទឹងបាន។ តើគេថ្នាំអ្វីសម្រាប់គាំពារសុខភាព និងព្យាបាលជំងឺ?
លើមូលដ្ឋាននេះនៅចុងស.វទី១២ ព្រះបាទជ័យវរ្ម័នទី៧ បានសង់មន្ទីរពេទ្យនិងអាចឲ្យយើងដឹងថា បុព្វបុរសយើងចេះផ្សំថ្នាំនានាអំពីរុក្ខជាតិ និងរូបធាតុក្រអូប ទាំងឡាយ ដូចជា ម្រេចម៉ត់ ដើមប្រេងខ្យល់ ស្ករទេពទារូ វ៉ាន់ស៊ុយ ក្រវ៉ាញ ខ្ញី ទឹកឃ្មុំ...។
ទាំងអស់នេះ ជាការដកពិសោធន៍មានប្រសិទ្ធភាពខ្ពស់បំផុតក្នុងវិស័យវេជ្ជសាស្រ្ត ប្រពៃណីជាមរតករបស់បុព្វបុរសដែលបានបន្សល់ទុកឲ្យ ហើយដែលយើងត្រូវតែប្រើប្រាស់និងសិក្សាពង្រីកបន្តែមទៀត។
៨.ស្ថាប័នសំខាន់ៗ
៨.១ ស្ថាប័ននយោបាយ
ក.នយោបាយក្រៅប្រទេស
តាមលទ្ធិទេវរាជ ព្រះរាជាខ្មែរឈប់ទទួលស្គាល់សិទ្ធិគ្រប់គ្រង់របស់ស្តេចជ្វា ហើយបានបង្រួបបង្រួមជាតិឲ្យមានឯកភាពឡើងវិញ ជុំវិញរាជបាល្ល័ង្ក ហើយចាប់ផ្តើមកសាងការពារប្រទេសជាតិ និងពង្រីកទឹកដី។
ព្រះរាជាសម័យអង្គរបានអនុវត្តនយោបាយវាតទី ចក្រពតិ្តនិយមពង្រីកទឹកដីដោយធ្វើសង្រ្គាមឥតឈប់ឈរជាមួយសមន្តរដ្ឋតូចៗ តែអនុវត្តនយោបាយមិត្តភាពជាមួយប្រទេសធំៗ ដែលមានអរិយធម៌រីកចម្រើន ដូចជាប្រទេសចិនជាដើម។
ខ.នយោបាយក្នុងប្រទេស
ដោយលទ្ធិទេវរាជ អំណាចរបស់ព្រះរាជាមានប្រភពចេញពីអាទិទេព ហើយព្រះអង្គមានអំណាច លើដីធ្លីទាំងអស់ គឺទាំងការលក់ដូរ ឬធ្វើអំណោយដីត្រូវមានការយល់ព្រមពី ព្រះអង្គជាមុនសិនទើបបាន។ ព្រះរាជាមានអំណាចធំទូលាយណាស់ គឺជាអ្នកតាក់តែងច្បាប់ជាអ្នកជ្រើសរើសមន្ត្រីជនខ្ពស់ ជាអគ្គមេបញ្ជាការកងទ័ព ជាអ្នកកាត់ក្តី ជាមេសាសនា
តែងតាំងបុព្វជិតជាន់ខ្ពស់ និងធ្វើអធិបតីភាពក្នុងពិធីសាសនាផ្សេងៗ ជាអ្នកការពារប្រទេសមិនឲ្យសត្រូវចូលយីរយារ និងធានារាប់រងសន្តិសុខនៅក្នុងប្រទេស។ ព្រះរាជាមិនគ្រាន់តែជាអគ្គមេបញ្ជាការប៉ុណ្ណោះទេ ទ្រង់ត្រូវដឹកនាំទ័ពដោយផ្ទាល់ដៃចេញទៅប្រយុទ្ធក្នុងសមរភូមិ។ តាមរូបចម្លាក់នៅលើប្រាសាទអង្គរ និងបាយ័នបានបង្ហាញឲ្យឃើញថាទ័ពខ្មែរជំនាន់នោះមានរបៀបរៀបរយ និងមានវិន័យថ្លៃថ្លាណាស់។ ចំពោះការបះបោលវិញត្រូវទទួលការបង្រ្កាបយ៉ាងតឹងរឹងណាស់។ឯទាហានដែលមានគុណបំណាច់ចំពោះជាតិត្រូវលើកតំកើងដោយមានសាងរូបដិមា និងប្រាសាទសម្រាប់រំលឹកគុណ។ទោះបីជាព្រះមហាក្សត្រមានអំណាចយ៉ាងណាក៏ដោយក៏អំណាចទ្រង់ត្រូវតែប្រកបដោយទសពិរាជធម៌ដែរ។
៨.២ស្ថាប័នរដ្ឋបាល
ប្រទេសទាំងមូលត្រូវបានបែងចែកជាខេត្ត៩០ទៅ១០១ខេត្ត ដោយមានស្តេចត្រាញ់ឬចៅហ្វាយខេត្តម្នាក់មើលការខុសត្រូវ។ អំណាចគ្រប់គ្រងត្រូវបានបែងចែកជាពីរគឺ អំណាចមជ្ឈិម និងអំណាចភូមិភាគ ហើយចំពោះរដ្ឋបាលមជ្ឈិម ឬកណ្តាលការគ្រប់គ្រងរដ្ឋស្ថិតនៅក្រោមកណ្តាប់ដៃអភិជន មួយក្រុមតូច។ តំណែងធំៗត្រូវបានទៅរាជវង្សានុវង្សឯតំណែងព្រាហ្មណ៍បុរោហិត ឬអ្នកប្រារព្ធពិធីទេវរាជត្រូវបានទៅសមាជិកត្រកូលព្រាហ្មណ៍
វណ្ណ:ក្សត្រ និងវណ្ណ:ព្រាហ្មណ៍ជាវណ្ណ:ជាន់ខ្ពស់ ហើយស្ថិតនៅដាច់ពីវណ្ណ:រាស្រ្តតូច តាច។ ចំពោះវណ្ណ:ខាងលើទាំងពីរនេះជាស្រទាប់បញ្ញាវ័ន្ត ហើយតំណាងឲ្យអរិយធម៌ឥណ្ឌា វណ្ណ:ទាំងពីរនេះតែងតែចងសម្ព័ន្ធមេត្រីភាពនិងគ្នា។
ព្រះរាជាទ្រង់ប្រទានសវនការ២ដងក្នុង១ថ្ងៃ សម្រាប់ដោះស្រាយរាជកិច្ចឲ្យ ពួកនាយម្មឺន ប្រជារាស្ត្រដែលចូលបង្គំគាល់ ត្រូវរង់ចាំព្រះអង្គដោយអង្គុយផ្ទាល់ដីហើយពេលព្រះរាជាយាងមកដល់ ទាំងមន្ត្រី ប្រជារាស្រ្តត្រូវលើកដៃប្រណម។ ចំពោះការធ្វើសច្ចាប្រណិធានរបស់មន្ត្រីថាស្មោះត្រង់និងព្រះមហាក្សត្រនោះ គេមិនដឹងថានេះជាវិធានការណ៍ទូទៅឬក្រាន់តែជាមធ្យាបាយមួយសម្រាប់ចងភ្ជាប់ពីមន្រ្តីទៅនឹងព្រះរាជា នៅពេលព្រះមហាក្សត្រ ឡើងសោយរាជមិនស្របច្បាប់។
៨.៣ ស្ថាប័នតុលាការ
ទោះបីនៅសម័យអង្គរពុំទាន់មានស្ថាប័នតុលាការដែលមានយុត្តិធម៌ ដើម្បីរកយុត្តិ ជូនប្រជារាស្រ្ត។ យើងក៏បានដឹងដែលថា ព្រះរាជាជាអ្នកគ្រប់គ្រងផងជាចៅក្រមផង តែអ្នកប្រវត្តិវិទ្យាបានអះអាងថានៅសម័យអង្គរពិតជាមានតុលាការដែលទទួលបន្ទុកស្វែងរកយុត្តិធម៌។ ជាទូទៅការផ្តន្ទាទោសជនជាប់ទោសមានបីកំរិតគឺ:
_ទោសស្រាលគេពិន័យឲ្យបង់ជាប្រាក់ ឬជារបស់របរផ្សេងៗ។
_ទោសមធ្យម ឬធ្ងន់ល្មម គេចៀរស្លឹកត្រចៀក កាត់ច្រមុះ និងកៀបក្បាលក្នុងដង្កៀប
ជាដើម។
_ទោសធ្ងន់ យកទៅកប់ចោលទាំងរស់ ឬទុកឲ្យសត្វសាហាវស៊ី។
III សេចក្តីសន្និដ្ឋាន
តាមការសិក្សាស្រាវជ្រាវខាងលើនេះ សុទ្ធតែមានអំនះអំនាងច្បាស់លាស់ ដែលអាចធ្វើការសន្និដ្ឋានបានថាចំពោះព្រះមហាក្សត្រទាំងបួនព្រះអង្គដែលបានរៀបរាប់ខាងលើសុទ្ធសឹងតែជាព្រះមហាក្សត្រដ៏ឆ្នើម អង់អាចក្លាហាន ជាវីរ:ព្រះមហាក្សត្រដែលបានបង្រួបបង្រួមជាតិ និង កសាងប្រទេសជាតិឲ្យមានសុខសន្តិភាព។ រីឯព្រះមហាក្សត្រដទៃទៀតនាសម័យនោះក៏មានស្នាមព្រះហស្ថច្រើនផងដែរ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ព្រះមហាក្សត្រទាំងបួនព្រះអង្គនេះអ្នកបើកទំព័រសករាជថ្មី (ជ័យវរ្ម័នទី២ ) នៃសម័យអង្គរ ហើយក៏ជាព្រះមហាក្សត្រកសាងរាជធានីអង្គរធំៗ (កសាងក្រុងអង្គរទី១ ព្រះបាទសូរ្យវរ្ម័នទី២ កសាងក្រុងអង្គរទី២ ព្រះបាទជ័យវរ្ម័នទី៧ កសាងក្រុងធំ ) ។ តួយ៉ាងយើងមានបា្រសាទអង្គរវត្តដែលជាស្ថាបត្យកម្មដ៏កំពូលល្អឯកដែលជាស្នាដៃរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលសម្តែងឲ្យឃើញពីអរិយធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអង្ករ ហើយបានបន្សល់ទុកដល់សព្វថ្ងៃ ។
ចំពោះអរិយធម៌សម័យអង្គរនេះគឺយើងមិនត្រឹមតែនិយាយព្រះមហាក្សត្រឬស្នាដៃព្រះមហាក្សត្រប៉ុណ្ណោះទេ វាត្រូវបានបញ្ចូលទាំងស្ថានភាពភូមិសាស្រ្ត ជីវភាពរស់នៅ វណ្ណ: សេដ្ឋកិច្ច ជំនួយទីផ្សារ សិល្ប៍: សាសនា អក្សរសាស្រ្ត វប្បធម៌ ការអប់រំ ទំលៀមទំលាប់ ប្រពៃណី សុខាភិបាល និង របបគ្រប់គ្រងសង្គមផងដែរ។ និយាយរួមគឺ « សង្គមវប្បធម៌ »។
នៅសម័យអង្គរសង្គមអរិយធម៌ខ្មែរមានភាពរីកចំរើន គ្រប់វិស័យទាំងអស់។ ដូចដែលបានបរិយាយរួចមកហើយ ទោះបីជាជីវភាពរបស់ប្រជាជននៅសម័យនោះមិនដូចជីវភាពប្រជាជនសម័យបច្ចុប្បន្ននេះក៏ដោយ ក៏នៅសម័យអង្គរទំរង់ជីវភាពរបស់ប្រជាជនមានភាពសប្បូរសប្បាយ និងមានបច្ចេកទេសពសេសក្នុងការរស់នៅ និងប្រកបរបររកស៊ី។
ឯវណ្ណ:វិញត្បិតតែមានការបែងចែកវណ្ណ:ក៏ពិតមែន ក៏ការបែងចែកវណ្ណ:នៅក្នុងសង្គមខ្មែរនាសម័យនោះមិនមានលក្ខណ:តឹងរឹងដូចនៅឥណ្ឌាទេ។ ចំពោះទំលៀមទំលាប់បានបន្តពីសម័យនគរភ្នំ និងសម័យចេនឡានោះក៏មានការរីកចំរើន និងអភិវឌ្ឍជាងសម័យមុន ហើយប្រពៃណីណាដែលល្អបានបន្តធ្វើជារៀងរហូតដល់បច្ចុប្បន្ននេះ ឧទាហរណ៍ ពិធីរៀបការ ជាដើម។ ហើយពិធីដែលមិនសមគួរត្រូវបានគេលុបបំបាត់ដូចជាពិធីចំលងវ័យឲ្យកូនស្រីជាដើម។ ចំនែកឯសាសនាគេឃើញមានការគោរពអាស្រ័យទៅនឹងទំនូលចិត្តនៃព្រះមហាក្សត្រដែលទ្រង់លើកតំកើន ហើយរាល់សាសនាណាដែលប្រឆាំងត្រូវបានគេរួមបញ្ចូលតែមួយ ឧទាហរណ៍ ព្រះហរិហរ: ។ផ្នែកអក្សរក៏មានការរីកចំរើនណាស់ដែរ ហើយប្រើប្រាស់ភាសារធំៗចំនួនបី ដើម្បីកត់ត្រានៅលើសិលាចារឹក មានទាំងការកកើតកំណាព្យ ការប្រើបា្រស់ប្រតិទិន ។ចំពោះសិល្ប:គឺមានការប៉ិនប្រសព្វ និងកែច្នៃអ្វីដែលពីធម្មជាតិមកជារបាំ ចម្លាក់ ទំលៀមទំលាប់ ហើយមានភាពរីកចំរើនសុះសាយ។ផ្នែកសុខាភិបាលគឺមានការក៏សាងមន្ទីរពេទ្យជាច្រើននាសម័យនោះ ហើយគ្រូខ្មែរបូរាណចេះផ្សំឱសថពីរុក្ខជាតិ និងរបស់ឯទៀតដោយព្យាបាលអ្នកជម្ងឺបានយ៉ាងស័ក្កសិទ្ធ។ផ្នែករបបនយោបាយវិញមានការបែងចែកស្ថាប័នផ្សេងៗស្រដៀងបច្ចុប្បន្នដែរហើយព្រះមហាក្សត្រជាអ្នកតាក់តែងច្បាប់ជាអ្នកកាត់ក្តី ឯប្រជារាស្រ្តជាអ្នកអនុវត្តច្បាប់ ហើយទឹកដីមានវិសាលភាពធំធេង។
ទាំងនេះហើយដែលបង្ហើយឲ្យឃើញថាអរិយធម៌ខ្មែរសម័យអង្គរមានការរីកចំរើនដល់កំពូល ដែលយើងអាចនិយាយបានថាជាយុគសម័យដែលប្រទេសយើងមានឈ្មោះថា«ចក្រភពខ្មែរ» ៕
ឯកសារយោង
១. ប្រវត្តិសាស្រ្តខ្មែរ ភាគ ១ ២ រៀបរៀងដោយ អ្នកស្រីត្រឹង ងា
២. ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា រៀបរៀងដោយសាស្រ្តាចារ្យឥន្ទ
ឱមសាម៉េង (២០០៩)
៣. ប្រវត្តិសាស្រ្តប្រទេសកម្ពុជា រៀបរៀងដោយ សាស្រ្តចារ្យ វង់ សុធារ៉ា
ណុប សុខា (២០០៨)
៤. ប្រវត្តិសាស្រ្តកម្ពុជា រៀបរៀងដោយសាស្រ្តចារ្យ ជួ ច័ន្ទដារី
ចាន់ ប៊ុន្នី
ដៀប សុផល
ស្រ៊ុន ប៊ុណ្ណារិទ្ធ (២០០៥)
៥. ប្រវត្តិសាស្រ្តខ្មែរ ភាគ១ ភាគ២ សាកលវិទ្យាល័យវេស្ទើន
រក្សាសិទ្ធិគ្រប់យ៉ាង imony7
posted by សាន សុវណ្ណម៉ូនី